
ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa បាននិយាយកាលពីថ្ងៃអង្គារថា រុស្ស៊ី និងអ៊ុយក្រែនបានយល់ព្រមជួបជាមួយក្រុមមេដឹកនាំអាហ្វ្រិក ដើម្បីពិភាក្សាអំពីផែនការសន្តិភាពដ៏មានសក្តានុពលសម្រាប់ជម្លោះ។
ព័ត៌មានលម្អិតនៃផែនការនេះមិនត្រូវបានគេបង្ហាញជាសាធារណៈនោះទេ ប៉ុន្តែជំហររបស់អ៊ុយក្រែនសម្រាប់កិច្ចព្រមព្រៀងសន្តិភាពណាមួយគឺទាមទារឲ្យរុស្ស៊ីដកកងកម្លាំងរបស់ខ្លួនទាំងអស់ចេញពីទឹកដីរបស់ខ្លួន។ ផែនការនេះត្រូវបានគាំទ្រដោយមេដឹកនាំនៃប្រទេសសេណេហ្គាល់ អ៊ូហ្គង់ដា អេហ្ស៊ីប សាធារណរដ្ឋកុងហ្គោ និងហ្សំប៊ី។
លោក Ramaphosa បាននិយាយថា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានសម្តែងការគាំទ្រ "យ៉ាងប្រុងប្រយ័ត្ន" សម្រាប់ផែនការនេះ ហើយអគ្គលេខាធិការអង្គការសហប្រជាជាតិក៏ត្រូវបានផ្តល់ព័ត៌មានសង្ខេបផងដែរ។
អាហ្វ្រិកខាងត្បូងត្រូវបានចាត់ទុកថាជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតមួយរបស់ទីក្រុងមូស្គូនៅក្នុងទ្វីបនេះ ប៉ុន្តែនិយាយថាខ្លួនមិនលម្អៀង និងបានបដិសេធមិនឲ្យបោះឆ្នោតលើសឹចក្តីសម្រេចរបស់អង្គការសហប្រជាជាតិទាក់ទងនឹងសង្គ្រាមនេះទេ។ កាលពីសប្តាហ៍មុន អាហ្វ្រិកខាងត្បូងបានច្រានចោលការអះអាងដែលថា សព្វាវុធត្រូវបានផ្ទុកលើនាវារុស្ស៊ីពីមូលដ្ឋានទ័ពជើងទឹកនៅទីក្រុង Cape Town ក្នុងខែធ្នូ៕