យោងតាមការសិក្សាកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា របកគំហើញគំរូហ្វូស៊ីលដ៏ធំនៅក្នុងសារមន្ទីរ នាំឲ្យក្រុមអ្នកស្រាវជ្រាវធ្វើការសន្និដ្ឋានថា មាននូវល្មូនសមុទ្រយក្សឈ្មោះ Pliosaur បានហែលទឹកក្នុងសមុទ្រកាលពីរយៈពេល ១៥២លានឆ្នាំមុន។
ការរកឃើញពីអំឡុងចុងយុគសម័យដាយណូស័រ Jurassicបើទោះបីជាមានការបែកបាក់ខ្លះៗ បានលើកឡើងថា ល្មូន Pliosaur មានទំហំធំជាងត្រីបាឡែនពិឃាត ២ដង ហើយការរកឃើញនេះ នាំឲ្យអ្នកនិពន្ធការសិក្សាស្រាវជ្រាវ លោក David Martill ខិតកាន់តែជិតនឹងការស្រោចស្រង់កំហុសរបស់លោក ។
នោះគឺដោយសារតែអ្វីដែលក្រុមអ្នកស្រាវជ្រាវជាច្រើនចាត់ទុកអំណះអំណាងមិនត្រឹមត្រូវដែលលោក Martill បានបង្កើតឡើងពីទំហំល្មូន Pliosaurមួយក្បាលទៀតនៅក្នុងខ្សែភាពយន្តឯកសារ“Walking With Dinosaurs” របស់ BBC កាលពី ឆ្នាំ ១៩៩៩ ។
នៅក្នុងខ្សែភាពយន្តឯកសារនេះ ឃើញមានសត្វល្មូន Liopleurodon ប្រវែង ២៥ម៉ែត្រ ដែលនាំឲ្យមានការជជែកដេញដោលយ៉ាងខ្លាំង ដោយសារតែគេគិតថា ការប៉ាន់ស្មានបែបនេះហួសហេតុពេកហើយៗគេគិតថា សត្វល្មូនប្រភេទនេះពេលពេញវ័យ វាអាចមានប្រវែងជាង ៦ម៉ែត្រប៉ុណ្ណោះ ។
លោក Martill ដែលជាអ្នកពិគ្រោះយោបល់សម្រាប់ខ្សែភាពយន្តឯកសារ “Walking With Dinosaurs” និងបច្ចុប្បន្នគឺជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យសាលាបរិស្ថាន ភូមិសាស្ត្រ និងភូគព្ភសាស្ត្រ Portsmouthរបស់ចក្រភពអង់គ្លេស និយាយថា លោកបានផ្តល់ទំហំខុសខ្លាំងឆ្ងាយ ។
លោកនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា លោកផ្អែកលើការគណនាហ្វូស៊ីលបាក់បែកមួយចំនួនដែលលើកឡើងថា ល្មូន Liopleurodonអាចលូតលាស់ដល់ប្រវែង ២៥ម៉ែត្រ ប៉ុន្តែភស្តុតាងនៅខ្វះខាតច្រើន ហើយវាបណ្តាលឲ្យមានជម្លោះច្រើននៅពេលនោះ ប៉ុន្តែឥឡូវនេះ ពួកយើងមានភស្តុតាងមួយចំនួនថា វាអាចជឿទុកចិត្តបាន ក្រោយរបកគំហើញឆ្អឹងខ្នងធំៗចំនួន ៤ របស់សត្វល្មូនមួយនេះ ៕