
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង Emmanuel Macron កាលពីថ្ងៃអង្គារ បានហៅការបំពារបំពានលើរាងកាយចៅប្រុសរបស់ភរិយាលោក លោកស្រី Brigitte Macron ជារឿងមិនអាចទទួលយកបាន និងហួសពីការថ្លែង។
«គាត់ត្រូវបានគេបំពាន ដោយសារគាត់ជាចៅរបស់យើង»។ លោកម៉ាក្រុង បាននិយាយពីលោក Jean-Baptiste Trogneux វ័យ ៣០ឆ្នាំ ដែលត្រូវបានវាយដំ ដោយក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាល កាលពីយប់ថ្ងៃចន្ទ នៅខាងក្រៅហាងសូកូឡា ដែលគាត់ជាអ្នកគ្រប់គ្រង នៅភាគខាងជើងប្រទេសបារាំង។
លោកបាននិយាយថា លោកចាត់ទុកទង្វើទាំងនេះថា មិនអាចទទួលយកបាន ហើយក្នុងនាមជាប្រធានាធិបតីបារាំង ពិតជាមិនអាចរកអ្វីមកបរិយាយ ចំពោះពួកគេនោះឡើយ ដោយបន្ថែម រូបលោកសង្ឃឹមនឹងរកបានយុត្តិធម៌ នៅក្នុងករណីនេះ។
កាលពីថ្ងៃអង្គារ សាច់ញាតិរបស់ស្ត្រីទី១ លោកស្រី Brigitte Macron ត្រូវបានវាយដំ នៅខាងក្រៅហាងសូកូឡារបស់គ្រួសារនាង ក្នុងអំពើបំពារបំពានមួយមានហេតុផលខាងនយោបាយ ដែលបង្កឲ្យមានការថ្កោលទោសយ៉ាងទូលំទូលាយ។
ចំណែកលោក Jean-Baptiste Trogneux ត្រូវបានគេវាយប្រហារ កាលពីល្ងាចថ្ងៃចន្ទ នៅពេលត្រឡប់ទៅកាន់លំនៅឋានរបស់គាត់ នៅខាងលើហាងសូកូឡា Trogneux ដ៏ល្បីក្នុងទីក្រុង Amiens ភាគខាងជើងប្រទេសបារាំង៕