ភ្នំពេញ៖ សាជីវកម្មធានាឥណទានកម្ពុជា បានផ្តល់ការធានាឥណទានទំហំទឹកប្រាក់កម្ចីប្រហាក់ប្រហែល ១២០,២ លានដុល្លារ ជូនដល់ជាង ១ ៣០០ ក្រុមហ៊ុន-អាជីវកម្ម ដែលគ្មានលទ្ធភាពដាក់ទ្រព្យបញ្ចាំ ដើម្បីទទួលបាននូវកម្ចី សម្រាប់ស្តារ និងពង្រីកអាជីវកម្មក្នុង និងក្រោយដំណាក់កាលរីករាលដាលជំងឺកូវីដ១៩។
តួលេខនេះ ត្រូវបានបង្ហាញក្នុងព្រឹត្តិបត្រវឌ្ឍនភាពនៃការធានាឥណទានប្រចាំខែរបស់ សាជីវកម្មធានាឥណទានកម្ពុជា គិតចាប់តាំងពីខែមេសា ឆ្នាំ២០២១ ដែលត្រូវបានដាក់ឱ្យដំណើរការគម្រោងធានាឥណទានដំបូង រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។
តាមព្រឹត្តិបត្រវឌ្ឍនភាពនៃការធានាឥទានរបស់សាជីវកម្មធានាឥណទានកម្ពុជាបង្ហាញថា មានអាជីវកម្ម សរុបចំនួន ក្រុមហ៊ុន ១ ៣៦៧ ទទួលបានការធានាឥណទានពីសារជីវកម្មធានាឥណទានកម្ពុជា ដែលស្មើនឹងទឹកប្រាក់ធានាសរុបចំនួនជិត ១២០លានដុល្លារ ក្នុងនោះប្រភេទអាជីវកម្មខ្នាតតូច និងមធ្យម មានចំនួន ១ ២៤៩ ក្រុមហ៊ុន និងអាជីវកម្មខ្នាតធំចំនួន ១១៨ ក្រុមហ៊ុន។
ទន្ទឹមនេះ ក្នុងចំណោម ក្រុមហ៊ុនអាជីវកម្មទាំងអស់ មានក្រុមហ៊ុនគ្រប់គ្រងដោយស្ត្រីចំនួន ៥៥០ ក្រុមហ៊ុន និង ក្រុមហ៊ុនប្រភេទកម្ចីមានទ្រព្យបញ្ចាំចំនួន ៥១៣ ក្រុមហ៊ុន និង ក្រុមហ៊ុនប្រភេទកម្ចីគ្មានទ្រព្យបញ្ចាំចំនួន ៨៥៤ ក្រុមហ៊ុន។
សូមជម្រាបថា សាជីវកម្មធានាឥណទានកម្ពុជា គឺជាស្ថាប័នធានាឥណទានដំបូងបង្អស់នៅកម្ពុជា ដែលត្រូវបានបង្កើតឡើង នៅខែសីហា ឆ្នាំ២០២០ នៅក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩ កំពុងវាយលុកយ៉ាងខ្លាំងលើកម្ពុជា ក្រោមការប្តេជ្ញាខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការដាក់ឱ្យដំណើរការគម្រោងធានាឥណទានឱ្យបានទាន់ពេលវេលា ដើម្បីគាំទ្រដល់ការស្តារ និងការធានានិរន្តភាពរបស់ក្រុមហ៊ុនអាជីវកម្មក្នុងស្រុក។
សាជីវកម្មធានាឥណទានកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងបម្រើបាននូវសេចក្តីត្រូវរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលកំពុងតែជួបបញ្ហាលំបាក នៅក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩ និងវិបត្តិអតិផរណា ហើយត្រូវការឥណទានពីធនាគារ ដើម្បីអាជីវកម្មរបស់ខ្លួន៕ អត្ថបទ៖ វណ្ណៈ