
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងថា ការដែលកម្ពុជាមិនយក លុយទាំងអស់ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ពីប្រតិភូបរទេសនោះ គឺចង់បង្កើនភាពស្និតស្នាល និងភាពជិតស្និតបន្ថែមទៀតរវាងប្រជាជន និងប្រជាជនក្នុងតំបន់អាស៊ាន ខណៈព្រឹត្តិការណ៍នេះ ក៏ដើម្បីឲ្យមនុស្សមានការចង់ចាំរាប់រយឆ្នាំទៅមុខទៀតផងដែរ។
ជាងនេះទៅទៀត សម្តេច បានលើកឡើងផងដែរថា «លុយនឹងចាយអស់ តែកិត្តិយសមិនអាចចាយអស់នោះឡើយ។
ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ជាង១ពាន់នាក់ នៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានលើកឡើងថា សម្តេចពិតជាបានសម្រេចចិត្តត្រូវ ខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេម ដោយចាប់ផ្តើមពីគំនិតផ្តួចផ្តើមនៃ សមាហរណកម្មអាស៊ាន តាមរយៈនៃការមិនបង់ថ្លៃផ្សេងរបស់ប្រតិភូកីឡាដែលបានចូលរួមប្រកួតនេះ។
ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា ការសម្រេចចិត្តរបស់សម្តេចក្នុងការមិនបង់ថ្លៃផ្សេងៗពីកីឡាបរទេសនេះ គឺត្រូវបានបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសសម្តែងការត្រេកអរ និងសម្តែងការគាំទ្រចំពោះអ្វីដែលរាជរដ្ឋាភិបាលបានធ្វើឡើង ខណៈមានការគាំទ្រពីប្រជាពលរដ្ឋជាង ១៧លាននាក់នោះ ក៏មានជនមួយក្តៅតូចធ្វើការរិះគន់ និងតិះដៀលផងដែរ ដោយការរិះគន់ពីពួកអគតិទាំងនោះវាមិនមានអ្វីចម្លែកនោះទេ។
សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងនូវមោទកភាព ចំពោះព្រឹត្តិការណ៍ស៊ីហ្គេម បានកន្លងផុតទៅជាមួយនឹងភាពជោគជ័យ ប្រកបដោយភាពរលូនក្នុងប្រវត្តិសាស្រ្តកម្ពុជា ខណៈការជោគជ័យទាំងនេះគឺសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាផងដែរ៕