កាណាដា៖ ផ្សែងបានគ្របដណ្តប់ពេញផ្ទៃអាកាស លើខេត្ត Alberta ភាគច្រើនកាលពីថ្ងៃពុធ ខណៈក្រុមអ្នកពន្លត់អគ្គិភ័យមកពីប្រទេសកាណាដា និងសហរដ្ឋអាមេរិក បានព្យាយាមពន្លត់ភ្លើងឆេះព្រៃកំពុងរាលដាលខ្លាំង ដែលបានជំរុញឲ្យមានការជម្លៀសប្រជាជន បង្អាក់សេវាផ្លូវរថភ្លើង និងបិទការផលិតថាមពលនៅក្នុងខេត្តផលិតប្រេងដ៏ធំរបស់ប្រទេសកាណាដា។

ស្ថានភាពក្តៅស្ងួត បានបង្កឲ្យមានភាពធ្ងន់ធ្ងរ និងឆាប់ចាប់ផ្តើមរដូវចំហេះព្រៃក្នុងខេត្ត Alberta។
គិតត្រឹមថ្ងៃពុធ ព្រៃចំនួន៩១កន្លែង បានឆេះនៅក្នុងតំបន់ការពារព្រៃនៃខេត្ត Albrerta រួមទាំង២៧កន្លែងមិនអាចគ្រប់គ្រងបាន។
ការចុះត្រជាក់នៅសប្តាហ៍នេះ បានបន្ធូរបន្ថយសីតុណ្ហភាពខ្ពស់ជាប្រវត្តិសាស្ត្រ និងបានជួយដល់ក្រុមអ្នកពន្លត់អគ្គិភ័យ ដែលបាននាំឲ្យអាជ្ញាធរដកចេញបទបញ្ជាជម្លៀសខ្លួនមួយចំនួនកាលពិថ្ងៃអង្គារ។ មន្ត្រីខេត្ត Alberta បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធថា ចំនួនអ្នកភៀសខ្លួន បានធ្លាក់ចុះដល់ប្រមាណ១២.០០០នាក់ ពីចំនួនខ្ពស់បំផុតជាង៣០.០០០នាក់កាលពីដើមខែនេះ។
មន្ត្រីមន្ទីរសុវត្ថិភាពសាធារណៈខេត្ត Alberta លោក Mike Ellis បាននិយាយថា ទោះជាយ៉ាងណាកង្វះទឹកភ្លើង និងការព្យាករណ៍សីតុណ្ហភាពខ្ពស់សម្រាប់សប្តាហ៍បន្ទាប់នេះ ស្ថានភាពសម្រាប់ចំហេះព្រៃនៅតែគ្រោះថ្នាក់ខ្លាំង។
លោកEllis និយាយថាវាច្បាស់ណាស់ថា ផ្សែងមកពីភ្លើងឆេះព្រៃទាំងនេះ បានបន្តជាការព្រួយបារម្ភសម្រាប់ទាំងសុខភាព និងការមិនអាចមើលឃើញឆ្ងាយ ដែលកំពុងជំរុញឲ្យប្រជាជននៅក្នុងតំបន់ជាច្រើនមានគុណភាពបរិយាកាសមិនល្អ ឲ្យស្នាក់នៅក្នុងលំនៅឋាន៕
