អែលសាល់វ៉ាឌ័រ៖ ប្រធានាធិបតីអែលសាល់វ៉ាឌ័រ លោក Nayib Bukele បានថ្លែងកាលពីថ្ងៃពុធថា ទាហានយ៉ាងហោចណាស់ ៥.០០០នាក់ និងនគរបាលចំនួន ៥០០នាក់ ត្រូវបានដាក់ពង្រាយដើម្បីឡោមព័ទ្ធទីក្រុងមួយនៅភាគពាយព្យប្រទេស ក្នុងការខ្នះខ្នែង ដើម្បីចាប់ខ្លួនអ្នកនៅពីក្រោយក្រុមអន្ធពាលជាប់សង្ស័យពីបទសម្លាប់មន្រ្តីនគរបាល។

អាជ្ញាធរសន្តិសុខ បានឲ្យដឹងថា មន្ត្រីរូបនេះត្រូវបានសម្លាប់ ក្នុងខណៈពេលកំពុងល្បាតក្នុងទីក្រុង Nueva Concepcion ចម្ងាយប្រហែល ៤២ម៉ាយល៍ (៦៧គីឡូម៉ែត្រ) ភាគពាយព្យនៃរដ្ឋធានី កាលពីថ្ងៃអង្គារ នៅក្នុងការវាយប្រហារដោយសមាជិកក្រុមអន្ធពាល។
លោក Bukele បានសរសេរនៅលើបណ្ដាញសង្គម Twitter ថា៖ «តាំងពីព្រឹកព្រលឹមមក យើងបានកំណត់បរិវេណសន្តិសុខជុំវិញទីក្រុង Nueva Concepcion»។ លោកប្រធានាធិបតី បានបន្ថែមថា ការធ្វើបែបនេះនឹងអាចឲ្យស្វែងរកអ្នកដែលទទួលខុសត្រូវចំពោះឃាតកម្មនេះ ហើយរចនាសម្ព័ន្ធទាំងមូលនៃសមាជិកក្រុមអន្ធពាលនេះ និងអ្នករួមដៃនៅតែលាក់ខ្លួននៅទីនោះ។
ប្រទេសអែលសាល់វ៉ាឌ័រ បានព្យួរសិទ្ធិតាមរដ្ឋធម្មនុញ្ញ នៅក្នុងអ្វីដែលហៅថាស្ថានភាពលើកលែង ដែលអនុញ្ញាតឲ្យនគរបាលចាប់ខ្លួន និងដាក់ពន្ធនាគារយ៉ាងឆាប់រហ័ស ចំពោះសមាជិកក្រុមអន្ធពាល ខណៈពេលដែលព្យួរសិទ្ធិរបស់ពួកគេ ក្នុងការមានមេធាវី និងការយល់ព្រមពីតុលាការ សម្រាប់ការឃុំខ្លួនបឋម។

ជនសង្ស័យជាង ៦៨.០០០នាក់ ត្រូវបានចាប់ខ្លួនចាប់តាំងពីឆ្នាំមុន ហើយរាប់ពាន់នាក់ត្រូវបានបញ្ជូនទៅឃុំក្នុងពន្ធនាគារធំថ្មី។ ក្រុមសិទ្ធិមនុស្សលើកឡើងថា មនុស្សស្លូតត្រង់មួយចំនួនត្រូវបានចាប់ខ្លួន ដោយហេតុផលនយោបាយ ក្នុងនោះរួមទាំងមនុស្សរាប់សិបនាក់ បានស្លាប់នៅក្នុងមន្ទីរឃុំឃាំង៕