ភ្នំពេញ៖ ធនាគារពិភពលោក បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៣ ក្នុងរង្វង់ ៥,៥ភាគរយ ជំរុញដោយវិស័យជំរុញកំណើន ដែលដំបូងឡើយនាំមុខដោយវិស័យកម្មន្តសាលផ្តោតលើការនាំចេញ ឥឡូវនេះបានប្តូរទៅជាវិស័យសេវាកម្ម និងកសិកម្មវិញ។
ក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ធនាគារពិភពលោក បានលើកឡើងថា ការស្តារសេដ្ឋកិច្ចកម្ពុជា មានភាពរឹងមាំ បើទោះជាតម្រូវការសកលមានការថមថយក៏ដោយ។
ធនាគារពិភពលោកការថមថយនៃតម្រូវការខាងក្រៅ អាចបន្តអូសន្លាយពេល ការរឹតបន្តឹងវិស័យហិរញ្ញវត្ថុនៅទូទាំងសកលលោក ការកើនឡើងថ្មីនៃវិបត្តិតម្លៃប្រេង គឺជាកត្តាហានិភ័យខាងក្រៅសម្រាប់សេដ្ឋកិច្ចកម្ពុជា។ ដោយឡែកកត្តាហានិភ័យខាងក្នុងប្រទេសវិញ គឺការប្រមូលឥណទានក្នុងស្រុកក្នុងវិស័យសំណង់។
ការប្រើប្រាស់ក្នុងស្រុកមានសន្ទុះកើនឡើង ដោយសារកំណើននៃតម្រូវការ ការវិលមកវិញជាថ្មីនៃទេសចរណ៍អន្តរជាតិ និងការថយចុះនៃសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់។
ដោយឡែកការនាំចេញទំនិញមានការថយចុះ ដែលមូលហេតុចម្បង គឺដោយសារការថយចុះនៃការនាំចេញទំនិញសំលៀកបំពាក់ កាបូបធ្វើដំណើរ និងស្បែកជើងទៅកាន់ទីផ្សារអាមេរិក និងសហគមន៍អឺរ៉ុប។
លោកស្រី Maryam Salim ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា បានលើកឡើងថា ការធ្លាក់ចុះនៃតម្រូវការខាងក្រៅអាចធ្វើឲ្យការផលិតតម្រង់ទិសនាំចេញរបស់កម្ពុជាធ្លាក់ចុះ ដែលបង្កើតបានប្រហែល ៤០ ភាគរយនៃការងារសរុបក្នុងវិស័យឧស្សាហកម្ម។ចំណែកការធ្លាក់ចុះតម្លៃប្រេងជាថ្មីអាចបង្កអតិផរណា និងបន្ថយការប្រើប្រាស់ក្នុងស្រុក។
ទាក់ទងនឹងអនុសាសន៍ លោកស្រីលើកឡើងថា គោលនយោបាយម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា ត្រូវតែបន្តធ្វើដើម្បីគាំទ្រកំណើន និងការងារ និងការការពារស្ថិរភាពហិរញ្ញវត្ថុនៅតែជាអាទិភាព។
ដើម្បីបង្កើនភាពធន់ និងការប្រកួតប្រជែងរយៈពេលវែងនៃសេដ្ឋកិច្ច កិច្ចខិតខំប្រឹងប្រែង គឺត្រូវការជាចាំបាច់ក្នុងការលើកកម្ពស់បន្ថែមទៀតនូវការធ្វើពិពិធកម្មផលិតផលនាំចេញ៕ អត្ថបទ៖ វណ្ណៈ


