ភ្នំពេញ៖ អត្តពលិកគណៈប្រតិភូកីឡា និងមន្រ្តីបច្ចេកទេសអន្តរជាតិសរុបប្រមាណ ៣៥០០នាក់ នឹងចូលរួមក្នុងព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។
ក្រោយព្រឹត្តិការណ៍ស៊ីហ្គេម បានបិទបញ្ចប់ដោយជោគជ័យ កម្ពុជានឹងបន្តរៀបចំព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើក១២ បន្ថែមទៀត។
ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមនេះ គឺនឹងបើកជាផ្លូវការ នៅថ្ងៃទី ៣ខែមិថុនា និងបិទបញ្ចប់នៅថ្ងៃ ៩មិថុនា ដោយមានប្រភេទកីឡាសរុបចំនួន ១៣ប្រភេទ និងបូករួមកីឡាសម្ដែងចំនួន ១ ផងដែរ។
ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានលើកឡើងថា កម្ពុជាបានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការទទួលអត្តពលិក គណៈប្រតិភូមកពី១១ប្រទេស ក៏ដូចជាវត្តមានមន្រ្តីបច្ចេកទេសអន្តរជាតិជួយរៀបចំការប្រកួត អាស៊ាប៉ារ៉ាហ្គេម។
ឯកឧត្តមបន្តថា កម្ពុជា នឹងផ្ដល់ជូនគ្រប់យ៉ាងដូចទៅនឹងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម។
ឯកឧត្តម បន្តថា វត្តមានមន្រ្តីបច្ចេកទេសនឹងមកដល់កម្ពុជា មុនគេ នៅថ្ងៃទី ២៨ ខែឧសភានេះ ដើម្បីរៀបចំត្រួតពិនិត្យ និងបំពេញលើកិច្ចការជាច្រើន មុនការប្រកួតចាប់ផ្ដើម។
ខណៈការប្រកួតកាន់តែខិតចូលមកដល់អត្តពលិកប៉ារ៉ាហ្គេមរបស់កម្ពុជា បន្តហ្វឹកហាត់ដើម្បីពង្រឹងសមត្ថភាព សម្រាប់ខ្លួនក្នុងនាមជាម្ចាស់ផ្ទះជាលើកដំបូង។ អត្តពលិកខ្លះ បានបំបែកកំណត់ត្រាចាស់របស់ខ្លួន ហើយក៏មានកីឡាករខ្លះ បានយកបទពិសោធន៍ធ្លាប់ចូលរួមប្រកួតកន្លង ដើម្បីឈានចាប់យកមេដាយប្រាក់ និងមេដាយមាសផងដែរ។
សម្រាប់ការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេមនេះ កម្ពុជា មានកីឡាករ កីឡាការិនីចូលរួមប្រកួតចំនួន ជាង ២៣០ រូប។ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ក៏បានដាក់ក្ដីជឿជាក់ថា កម្ពុជាអាចដណ្ដើមបានមេដាយមាស ១៤គ្រឿង មេដាយប្រាក់ ២០គ្រឿង និងមេដាយសំរឹទ្ធ ២២គ្រឿង៕ អត្ថបទ៖ គឹមហុក