ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៨ ខែឧសភានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប បានទទួលស្គាល់ជាផ្លូវការចុះបញ្ជីឈ្មោះគណបក្សនយោបាយចំន១៨ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ផ្តល់បទសម្ភាសន៍ ជាមួយBTV នៅថ្ងៃនេះ។
នៅក្នុងកិច្ចសម្ភាសនោះ ឯកឧត្តមហង្ស ពុទ្ធា បន្តថា តាមប្រតិទិនរបស់ គ.ជ.ប ការចុះឈ្មោះបញ្ជីគណបក្សនយោបាយឈរឈ្មោះ និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ គឺចាប់ផ្តើមពីថ្ងៃទី២៤ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ដោយមានគណបក្សចំនួន២០មកចុះឈ្មោះជាមួយ គ.ជ.ប ប៉ុន្តែមានគណបក្សចំនួន១៨ ប៉ុណ្ណោះដែល គ.ជ.ប បានទទួលស្គាល់ជាផ្លូវការ ខណៈនៅសល់គណបក្សពីរទៀតមិនទាន់បំពេញគ្រប់លក្ខខ័ណ្ឌ។ លើសពីនេះ ឯកឧត្តម បានលើកឡើងពីនិតិវិធីរបស់ គ.ជ.ប ក្នុងដំណើរការចុះឈ្មោះបញ្ជីគណបក្សនយោបាយឈរឈ្មោះ និងបញ្ជីបេក្ខជនឈរឈ្មោះផងដែរ។
គណបក្សនយោបាយ ដែល គ.ជ.ប ទទួលស្គាល់ជាផ្លូវការចំនួន១៨ ដោយគិតត្រឹមថ្ងៃទី១៨ ខែឧសភានេះ រួមមាន៖ ទី១.គណបក្សប្រជាជនកម្ពុជា ទី២.គណបក្សយុវជនកម្ពុជា ទី៣.គណបក្សខ្មែររួបរួមជាតិ ទី៤.គណបក្សធម្មាធិបតេយ្យ ទី៥.គណបក្សកម្លាំងប្រជាធិបតេយ្យ ទី៦.គណបក្សសញ្ជាតិកម្ពុជា ទី៧.គណបក្សខ្មែរតែមួយ ទី៨.គណបក្សខ្មែរអភិរក្ស ទី៩.គណបក្សហ៊្វុនស៊ិនប៉ិច ទី១០.គណបក្សសំបុកឃ្មុំប្រជាធិបតេយ្យ ទី១១.គណបក្សឯកភាពជាតិខ្មែរ ទី១២.គណបក្សបំណងពលរដ្ឋ ទី១៣.គណបក្សស្រ្តីដើម្បីស្រ្តី ទី១៤.គណបក្សខ្មែរឈប់ក្រ ទី១៥.គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ទី១៦.គណបក្សជនជាតិដើមប្រជាធិបេត្យកម្ពុជា ទី១៧.គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងទី១៨.គណបក្សកសិករ៕ អត្ថបទ៖ទូច សោភ័ណ