ព្រះសីហនុ ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក បានបញ្ជាក់ថា កន្លងមកមូលដ្ឋានសមុទ្ររាម បានរងការវាយប្រហារ និងចោទប្រកាន់ពីខាងក្រៅពាក់ព័ន្ធការធ្វើទំនើបកម្មរបស់ខ្លួន។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានបញ្ជាក់បែបនេះក្នុងឱកាសចុះសួរសុខទុក្ខ និងពាំនាំអាវភ្លៀង និងអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនដល់កងទ័ពជើងទឹក និងកងកម្លាំងឈរជើងនៅរាម កាលពីថ្ងៃទី១៧ ខែឧសភានេះ។
លោកឧត្តមសេនីយ៍ឯក បានថ្លែងថា កន្លងមកមូលដ្ឋានសមុទ្ររាម បានរងការវាយប្រហារ និងចោទប្រកាន់ពីខាងក្រៅ ពាក់ព័ន្ធការធ្វើទំនើបកម្មរបស់ខ្លួន។ សម្តេចតេជោ សម្តេចពិជ័យសេនា ទៀ បាញ់ និងឯកឧត្តមប្រាក់ សុខុន បានបកស្រាយ និងពន្យល់ជាច្រើនដង អំពីហេតុផល និងគោលបំណងរបស់កម្ពុជា លើបញ្ហានេះ។
លោកឧត្តមសេនីយ៍ឯកបញ្ជាក់ថា៖«គោលបំណងរបស់យើង គឺការធ្វើទំនើបកម្មកងទ័ព មិនថាជើងទឹក ជើងអាកាស ឬ ជើងគោក ដើម្បីពង្រឹងសមត្ថភាពកងទ័ព និងឃឿនការពារជាតិកម្ពុជា ធានាការពារសន្តិសុខ ទាំងក្នុងប្រទេស និងតំបន់។យើងគ្មានគោលបំណងអ្វីផ្សេង ដូចការចោទប្រកាន់ពីខាងក្រៅទេ។ ថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាល បានកំពុងធ្វើការកំណែទម្រង់លើគ្រប់វិស័យ ដើម្បីធានាដល់ផលប្រយោជន៍ជាតិ និងប្រជាជន ហើយជាពិសេសការធ្វើទំនើបកម្មកងទ័ព គឺស្របតាមគោលនយោបាយការពារជាតិរបស់កម្ពុជា»។
ក្នុងឱកាសនេះលោកឧត្តមសេនីយ៍ឯក បានថ្លែងអំណរគុណដល់កងទ័ពទាំងអស់ ដែលបានខិតខំបំពេញការងារ ការពារជាតិមាតុភូមិ ចូលរួមសកម្មភាពសង្គម ជាពិសេសបានបង្កើតភាពជោគជ័យជាប្រវត្តិសាស្រ្ត ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ និងបានចូលរួមចាក់វ៉ាក់សាំង ជូនប្រជាជនបង្កើតភាពសុំាក្នុងសហគមន៍។ មុនលេចឡើងនូវយុទ្ធនាការចាក់វ៉ាក់សាំងនេះ សម្តេចពិជ័យសេនា បានរាយការណ៍ជូនសម្តេចតេជោ អំពីលទ្ធផល និងប្រសិទ្ធភាព ក្រោយសម្តេចពិជ័យ បានចាក់វ៉ាក់សាំងសាកល្បងរួចហើយ នេះបានបង្ហាញពីការលះបង់របស់ថ្នាក់ដឹកនាំ ដើម្បីសុខទុក្ខរបស់ប្រជាជន។
លោកឧត្តមសេនីយ៍ឯក បញ្ជាក់ថា កងទ័ព គឺត្រូវស្តាប់បទបញ្ជាថ្នាក់លើ ហើយត្រូវខំប្រឹងប្រែងសម្រេចឱ្យបានជោគជ័យនូវកិច្ចការ ដែលប្រគល់ជូន។ កងទ័ពអព្យាក្រឹតជាមួយគណបក្សនយោបាយ តែមិនអព្យាក្រឹតជាមួយរាជរដ្ឋាភិបាល ដាច់ខាតការពារសន្តិភាព ការពាររាជរដ្ឋាភិបាល៕ ដោយ ៖ ដារ៉ា





