ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសអូស្ត្រាលីនៅថ្ងៃព្រហស្បតិ៍ (១៨ ឧសភា)នេះ បានស្នើឱ្យអូស្ត្រាលីបង្កើនកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះរបស់ខ្លួនក្នុងការស្វែងរកសមាជិកនាវិកដែលបាត់ខ្លួននៅលើនាវានេសាទរបស់ចិន បន្ទាប់ពីនាវានោះបានក្រឡាប់លិចនៅក្នុងមហាសមុទ្រឥណ្ឌា។
លោកឯកអគ្គរដ្ឋទូត Xiao Qian បាននិយាយថា មាននាវិក ៣៩នាក់ នៅលើនាវា ក្នុងនោះមានជនជាតិចិន១៧នាក់ ឥណ្ឌូនេស៊ី១៧នាក់ និង៥ទៀតនាក់ មកពីហ្វីលីពីន បានបាត់ខ្លួន។
លោក Xiao បានប្រាប់អ្នកសារព័ត៌មាននៅឯនិវេសនដ្ឋានរបស់លោកក្នុងទីក្រុង Canberra ថា លោកប្រធានាធិបតីចិន Xi Jinping បានស្នើសុំជំនួយបន្ទាន់ពីប្រទេសពាក់ព័ន្ធ ឲ្យខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះពួកគេ។
លោកបាននិយាយថា "វាស្ថិតនៅក្នុងតំបន់ស្វែងរក និងជួយសង្គ្រោះរបស់អូស្ត្រាលី។ យើងសង្ឈឹមថាសហការីអូស្ត្រាលីរបស់យើងនឹងសម្របសម្រួលជាមួយនាវា ឬកប៉ាល់អន្តរជាតិ និងបរទេសផ្សេងទៀតនៅជិតតំបន់នោះ ដើម្បីជួយស្វែងរក និងជួយសង្គ្រោះជីវិតមនុស្សឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន" ។ លោកបន្ថែមទៀតថា អូស្ត្រាលីបានបញ្ជូនយន្តហោះ និងនាវាជាច្រើនទៅកាន់តំបន់នោះរួចហើយ៕
