
នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានបើកកិច្ចប្រជុំកំពូលនៅទីក្រុងសេអ៊ូលកាលពីថ្ងៃពុធ (១៧ ឧសភា) ខណៈដែលប្រទេសទាំងពីររិះរកវិធីពង្រីកទំនាក់ទំនងសន្តិសុខ រួមទាំងការចែករំលែកព័ត៌មានចារកម្មសម្ងាត់ ខណៈពេលដែលកំពុងស្វែងយល់ពីការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិន។
ប្រទេសទាំងពីរនេះ កំពុងប្រារព្ធខួបលើកទី ៦០ នៃទំនាក់ទំនងទ្វេភាគីនៅឆ្នាំនេះ។ ភាគីទាំងពីរនឹងចេញសេចក្តីថ្លែងការណ៍រួមមួយដែលបង្ហាញពីភាពជាដៃគូរបស់ខ្លួនសម្រាប់រយៈពេល ៦០ ឆ្នាំខាងមុខ នេះបើតាមទីប្រឹក្សារងសន្តិសុខជាតិរបស់លោក Yoon គឺលោក Kim Tae-hyo បាននិយាយកាលពីថ្ងៃអង្គារ (១៦ ឧសភា)។
កាលពីព្រឹកថ្ងៃពុធ មេដឹកនាំកាណាដាបានប្រាប់សភាកូរ៉េខាងត្បូងថា ប្រទេសរបស់លោក បានត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាដៃគូជាមួយកូរ៉េខាងត្បូងលើគម្រោងរ៉ែសំខាន់ៗ និងថាមពលស្អាត ព្រមទាំងដើម្បីការពារការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។
លោក Trudeau បានទៅដល់ទីក្រុងសេអ៊ូលកាលពីថ្ងៃអង្គារសម្រាប់ដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេលប្រាំបួនឆ្នាំដោយមេដឹកនាំកាណាដា៕