ភ្នំពេញ៖ ឯកឧត្តមប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានលើកឡើងថា នេះជាឆ្នាំលើកដំបូងដែលបានរៀបចំពិធីទទួលថវិកាសប្បុរសធម៌ អបអរខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា បន្ទាប់ពីកម្ពុជាបានងើបឡើងវិញយ៉ាងឆាប់រហ័សពីវិបត្តិនៃជំងឺកូវីដ-១៩។
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម នៅក្នុងពិធីទទួលថវិកាសប្បុរសធម៌ អបអរខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម” កាលពីព្រឹកថ្ងៃទី១៨ ខែឧសភាកន្លងទៅនេះ បានមានប្រសាសន៍ថា សម្រាប់ឆ្នាំនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម នឹងបន្តអនុវត្តផែនការសកម្មភាពនៃយុទ្ធសាស្ត្រឆ្នាំ២០២១-២០២៥ ទៅតាមវិស័យអាទិភាពទាំង៤ គឺ៖ ទី១-ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ ទី២-ការងារសុខភាព និងការថែទាំសុខភាពសហគមន៍ ទី៣-ការលើកកម្ពស់គោលការណ៍គ្រឹះនិងតម្លៃមនុស្សធម៌ និងទី៤-គឺការអភិវឌ្ឍស្ថាប័ន។
ដើម្បីសម្រេចបានទិសដៅឆ្នាំ២០២៣នេះ ក្នុងនាមគណៈកិត្តិយសសាខា ឯកឧត្តម បានធ្វើការអំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន អង្គការ សមាគម ក្រុមហ៊ុន និងវិស័យឯកជន សូមបន្តចូលរួមជាកម្លាំង ជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ដើម្បីដោះស្រាយបញ្ហាប្រឈម ជួយសម្រាលទុក្ខលំបាកនានា របស់ជនងាយរងគ្រោះ និងបន្តពង្រឹងភាពធន់សហគមន៍ ក្នុងស្មារតីនៃវប្បធម៌ចែករំលែកតាមសទ្ធាជ្រះថ្លា និងការស្ម័គ្រចិត្ត ដើម្បីបុព្វហេតុមនុស្សធម៌ ការពារបាននូវគុណតម្លៃ និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ដូចពាក្យស្លោក “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា”។
តាមរបាយការណ៍របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងប្រធានគណៈកម្មាធិការសាខា បានបញ្ជាក់ថា មូលនិធិដែលទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋានកាលពីឆ្នាំកន្លងទៅ សាខាបានប្រើប្រាស់ប្រកបដោយដោយតម្លាភាព និងពង្រឹងបាននូវភាពម្ចាស់ការក្នុងប្រតិបត្តិការផ្តល់សេវាកម្ម មនុស្សធម៌ ដោយបានចាត់ចែងឆ្លើយតបភ្លាមៗទៅនឹងតម្រូវការជាក់ស្តែង នៃភាពងាយរងគ្រោះរបស់ប្រជាពលរដ្ឋ រួមចំណែកធ្វើឱ្យវិស័យអាទិភាពទាំង៤ របស់កាកបាទក្រហមកម្ពុជា សម្រេចបានលទ្ធផលយ៉ាងគាប់ប្រសើរស្របតាមទិសស្លោ“ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” និងទស្សនទាន “អ្វីៗដែលយើងបានធ្វើ គឺចេញពីបេះដូង”៕



