ភ្នំពេញ៖ ក្រុមកីឡាករ អត្តពលកម្មមានពិការភាព បង្កើនការហ្វឹកហាត់ដោយគ្មានការឈប់សម្រាក ក្នុងគោលដៅសំខាន់ គឺការពារមេដាយមាស ដែលខ្លួនធ្លាប់ដណ្ដើមបាន។ នេះជាការលើកឡើង ស្របពេលដែលព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេមចូលមកដល់នៅខែក្រោយនេះ។
ក្រោយព្រឹត្តិការណ៍ស៊ីហ្គេមបានបិទបញ្ចប់ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រៀបព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេម។ ព្រឹត្តិការណ៍នេះ គឺនឹងចាប់ផ្ដើមនៅដើមខែក្រោយ ចាប់ពីថ្ងៃទី ៣ រហូតដល់ថ្ងៃទី ៩មិថុនា ដោយមាន អត្តពលិកមានពិការភាព គណៈប្រតិភូ ក៏ដូចជាមន្រ្តីបច្ចេកទេសប្រមាណ ៣៥០០នាក់។ នេះជាការលើកឡើងរបស់ អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិក។
ស្របពេលការប្រកួតកាន់តែខិតចូលមកដល់ គ្រប់អត្តពលិកមានពិការភាពទាំងអស់សុទ្ធតែបង្កើនការហ្វឹកហាត់រៀងខ្លួន។
ក្រុមកីឡាករប្រណាំងរទេះ ជាប្រភេទកីឡាមានសក្ដានុពលសម្រាប់កម្ពុជា ដោយធ្លាប់ដណ្ដើមបានទាំងមេដាយមាស ប្រាក់ សំរឹទ្ធ បច្ចុប្បន្នក៏ហ្វឹកហាត់ដោយគ្មានការឈប់សម្រាកផងដែរ។ ពួកគេបានដាក់គោលដៅ គឺការពារមេដាយមាស ដែលខ្លួនធ្លាប់ទទួលឱ្យបាន សម្រាប់ការធ្វើជាម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេមខាងមុខនេះ។
ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូងដែរនេះ គឺមានការប្រកួតទទួលបានមេដាយចំនួន ១៣ប្រភេទ និងមាន ១ប្រភេទកីឡាជាការសម្ដែង។ សម្រាប់ការធ្វើជាម្ចាស់ផ្ទះនេះ ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិក បានដាក់ក្ដីរំពឹងថា កម្ពុជានឹងទទួលបានមេដាយទាំងមាស ប្រាក់ សំរឹទ្ធ ច្រើនទ្វេដង ពីការចេញទៅប្រកួតនៅឥណ្ឌូនេស៊ី។
ការប្រកួត អាស៊ានប៉ារ៉ាហ្គេមខាងមុខនេះ កម្ពុជាមានកីឡាករ កីឡាការិនីចូលរួមប្រកួតសរុបជាង ២៣០រូប។ ចំពោះអត្តពលិក គណៈប្រតិភូ ក៏ដូចជា មន្រ្តីបច្ចេកទេសអន្តរជាតិ ដែលនឹងចូលរួមវិញ គឺមានចំនួនប្រមាណ ៣៥០០នាក់។ ការរៀបចំព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេម គឺរាជរដ្ឋាភិបាលកម្ពុជា ផ្ដល់ជូនគ្រប់យ៉ាងដូចទៅនឹងអ្វីដែល រាជរដ្ឋាភិបាលផ្ដល់ជូន ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមដែរ៕ អត្ថបទ៖ គឹមហុក