ឥណ្ឌា៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានចាកចេញពីទីក្រុង New Delhi ឆ្ពោះទៅកាន់ទីក្រុង Hiroshima ដើម្បីចូលរួមកិច្ចប្រជុំកំពូលរបស់ប្រទេសអ្នកមានឧស្សាហកម្មលូតលាស់ទាំង៧ ឬ G7 ដែលនឹងប្រព្រឹត្តទៅនៅចន្លោះថ្ងៃទី១៩ដល់ទី២១ ខែឧសភានេះ។

នេះនឹងក្លាយ ជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ទីក្រុងនៃប្រទេសជប៉ុនរបស់នាយករដ្ឋមន្ត្រីឥណ្ឌា គិតចាប់តាំងពីប្រទេសឥណ្ឌាបានធ្វើតេស្តនុយក្លេអ៊ែរ នៅភូមិ Pokhran ក្នុងឆ្នាំ១៩៧៤ ដោយក្នុងឆ្នាំ១៩៥៧ លោក Jawaharlal Nehru ជានាយករដ្ឋមន្ត្រីឥណ្ឌាចុងក្រោយ ដែលធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងហ៊ីរ៉ូស៊ីម៉ា ដែលបានរងការវាយប្រហារដោយគ្រាប់បែកបរមាណូ ក្នុងឆ្នាំ១៩៤៥។
វត្តមានរបស់លោក Modi នៅទីក្រុង Hiroshima មានសារៈសំខាន់ណាស់ ដោយសារឥណ្ឌាជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួន ដែលមិនបានចុះហត្ថលេខាលើសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT)។ លោកនឹងចូលរួមជាមួយមេដឹកនាំ G7 នៅពេលមេដឹកនាំទាំងនោះទៅទស្សនាឧទ្យានអនុស្សាវរីយសន្តិភាព ដែលធ្វើឡើង ដើម្បីឧទ្ទិសដល់ជនរងគ្រោះ និងអ្នករស់រានមានជីវិតពីការវាយប្រហារ៕
