ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញជំរុញឱ្យមន្ត្រីនៅថ្នាក់មូលដ្ឋាន ត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អ ទាន់ពេលវេលា និងមានប្រសិទ្ធភាព ពិសេសកុំប៉ះពាល់លុយកាក់ក្រៅសេវាឱ្យសោះ។
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យមន្ត្រីនៅថ្នាក់មូលដ្ឋានទូទាំង១០៥សង្កាត់ ត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អ ទាន់ពេលវេលា និងមានប្រសិទ្ធភាព ពិសេសកុំប៉ះពាល់លុយកាក់ពីប្រជាពលរដ្ឋក្រៅសេវាឱ្យសោះ។ ការជំរុញបែបនេះរបស់ ឯកឧត្តម ឃួង ស្រេងបានធ្វើឡើងនារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ខណៈដែលឯកឧត្ដមអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងប្រគល់សម្ភារៈការិយាល័យជូនយន្តការច្រកចេញចូលតែមួយសង្កាត់ទាំង១០៥ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា ប្រជាពលរដ្ឋស៊ីវីល័យហើយ ដូច្នេះជាមន្ត្រីបំរើសេវាជូនពលរដ្ឋត្រូវតែស៊ីវីល័យ ក្នុងនាមជាមន្ត្រីបំរើប្រជាពលរដ្ឋនៅតាមច្រកចេញ ចូលតែមួយនេះ ត្រូវដឹងពីតួនាទីរបស់ខ្លួនឱ្យបានច្បាស់លាស់ ទី១ ត្រូវពន្លឿនការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានលឿន និងទី២ គឺការកាត់ចំណាយរបស់ប្រជាពលរដ្ឋពីការផ្តល់សេវាសាធារណៈនេះ ដោយមិនត្រូវយកតំលៃក្រៅសេវាពីប្រជាពលរដ្ឋជាដាច់ខាត កុំធ្វើឱ្យមានកំហុស បើខុសឆ្គងនឹងមានទោសទណ្ឌហើយដូច្នេះត្រូវធ្វើកិច្ចការងារនេះឱ្យបានត្រឹមត្រូវទៅតាមវិជ្ជាជីវៈ ។
ជាមួយគ្នានេះ ឯកឧត្តម ឃួង ស្រេង ក៏បានថ្លែងនូវការកោតសរសើរចំពោះមន្ត្រីទាំង១៤ខណ្ឌផងដែរ ដោយសារកន្លងមកនេះ មន្ត្រីទាំងអស់បានបំរើសេវាជូនប្រជាពលរដ្ឋបានយ៉ាងល្អ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។
ឯកឧត្តម ឃួង ស្រេង បន្តថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី បានបើកកិច្ចប្រជុំធំៗជាច្រើន ទទួលបានជោគជ័យ ។ ជាក់ស្តែងកាលពីថ្ងៃទី១៧ ឧសភា កន្លងមកនេះ ប្រទេសកម្ពុជា ក៏បានបិទបញ្ចប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអគ្នេយ៍លើកទី៣២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយជោគជ័យ ទទួលបានភាពល្បីល្បាញនៅលើឆាកអន្តរជាតិទាំងនេះពិតជាកើតឡើងពីការចូលរួមចំណែកយ៉ាងពិតប្រាកដពីសំណាក់មន្ត្រីនៅថ្នាក់មូលដ្ឋាន៕ ដោយ ៖ ប្រាក់ វ៉ាន់ដា






