បុគ្គលិកជាង ២០០នាក់មកពីអង្គភាពយោធាអេស្ប៉ាញ និងក្រុមភ្នាក់ងារពន្លត់អគ្គិភ័យរាប់រយនាក់ មកពីទូទាំងប្រទេស គាំទ្រដោយសហការីព័រទុយហ្គាល់របស់ពួកគេ បានព្យាយាមពន្លត់ភ្លើងឆេះព្រៃ ដែលលែងអាចគ្រប់គ្រងបាននៅតំបន់ស្វយ័ត Extremadura ប្រទេសអេស្ប៉ាញ ដែលបានចាប់ផ្តើមឆាបឆេះឡើងកាលពីថ្ងៃព្រហស្បតិ៍ ។
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ នាំគ្នាសម្រាកកាលពីថ្ងៃសៅរ៍ ក្រោយព្យាយាមពន្លត់អណ្តាតភ្លើងដែលឆាបឆេះដីព្រៃយ៉ាងច្រើន ។
មនុស្សប្រហែល ៧០០នាក់មកពីភូមិ Cadalso, Descargamaría និងភូមិ Robledillo de Gata ត្រូវបានជម្លៀសខ្លួនចេញ ហើយនិងបញ្ជូនទៅកាន់ទីលានកីឡា ស្ថិតក្នុងភូមិ Moraleja ដែលមានចម្ងាយប្រហែលប៉ុន្មានគីឡូម៉ែតប៉ុណ្ណោះពីភ្លើងឆេះព្រៃ ។
ក្រុមអាជ្ញាធរក្នុងស្រុក និយាយថា ពួកគេរំពឹងថា ស្ថានភាពអាកាសធាតុនឹងល្អប្រសើរឡើងនៅចុងសប្តាហ៍នេះ ដែលវានឹងជួយទប់ស្កាត់ការរីករាលដាលភ្លើងឆេះព្រៃ ។
ទោះបីជាយ៉ាងណាក៏ដោយ សន្ទុះខ្យល់បក់ ៦០គ.មក្នុង១ម៉ោង បានរារាំងកិច្ចខិតខំពន្លត់អណ្តាតភ្លើងកាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ៕ អត្ថបទ៖ សារ៉ាត់

