ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានជួបប្រជុំនៅខាងក្រៅវេទិកានៃកិច្ចប្រជុំកំពូលក្រុមប្រទេសទាំងប្រាំពីរ (G7) នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន ដើម្បីពិភាក្សាអំពីបញ្ហានានាក្នុងតំបន់ និងជាពិសេសបញ្ហាកូរ៉េខាងជើង។
មន្ត្រីអាមេរិកម្នាក់ បាននិយាយថា លោក Biden បានអញ្ជើញមេដឹកនាំទាំងពីរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីបើកកិច្ចពិភាក្សាគ្នាមួយទៀតអំពីមធ្យោបាយលើកកិច្ចសហប្រតិបត្តិការត្រីភាគីរបស់ពួកគេទៅកាន់កម្រិតខ្ពស់ថ្មីក្នុងការប្រឈមនឹងមហិច្ឆតានុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។
នៅព្រឹកថ្ងៃអាទិត្យនេះ លោក Kishida និងលោក Yoon បានបើកកិច្ចប្រជុំទ្វេភាគីដែលជាកិច្ចប្រជុំលើកទីបីរបស់មេដឹកនាំទាំងពីរនៅឆ្នាំនេះ ខណៈដែលប្រទេសជិតខាងអាស៊ីបូព៌ានេះ ពង្រឹងទំនាក់ទំនងរវាងគ្នាដើម្បីប្រឆាំងនឹងការគំរាមកំហែងផ្នែកសន្តិសុខក្នុងតំបន់៕ អត្ថបទ៖ ស្រីទាវ

