ក្រុមគូរប្រយុទ្ធដែលកំពុងធ្វើសង្រ្គាមនៅស៊ូដង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីល្ងាចថ្ងៃសៅរ៍ (២០ ឧសភា) សម្រាប់បទឈប់បាញ់រយៈពេលប្រាំពីរថ្ងៃ ខណៈការប្រយុទ្ធគ្នាដែលបានធ្វើឱ្យប្រទេសនេះ ធ្លាក់ក្នុងភាពវឹកវរ និងជនភៀសខ្លួនជាងមួយលាននាក់ បានឈានចូលដល់សប្តាហ៍ទីប្រាំមួយ។
បទឈប់បាញ់នឹងចូលជាធរមាននៅម៉ោង៩និង៤៥នាទីយប់ ម៉ោងនៅរដ្ឋធានី Khartoum នៅថ្ងៃចន្ទ នេះបើយោងតាមអ្នកគាំទ្រកិច្ចចរចានោះគឺ សហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ។
កិច្ចព្រមព្រៀងឈប់បាញ់មុនៗជាច្រើនត្រូវបានបំពាន។ សេចក្តីថ្លែងការណ៍នោះបាននិយាយដោយមិនផ្តល់ព័ត៌មានលម្អិតថា ទោះបីជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងនេះ នឹងត្រូវអនុវត្តដោយយន្តការត្រួតពិនិត្យដែលគាំទ្រដោយសហរដ្ឋអាមេរិក អារ៉ាប៊ីសាអូឌីត និងជាអន្តរជាតិ ។
កិច្ចព្រមព្រៀងនេះ ក៏អំពាវនាវឱ្យមានការចែកចាយជំនួយមនុស្សធម៌ ការស្ដារឡើងវិញនូវសេវាសំខាន់ៗ ព្រមទាំងការដកកងកម្លាំងចេញពីមន្ទីរពេទ្យ និងអគារសាធារណៈសំខាន់ៗផងដែរ។
ការប្រយុទ្ធគ្នារវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) បានឈានដល់ការដួលរលំ នៃសណ្តាប់ធ្នាប់ជាតិ។ ស្តុកស្បៀងអាហារ សាច់ប្រាក់ និង សម្ភារៈសំខាន់ៗកំពុងធ្លាក់ចុះយ៉ាងឆាប់រហ័ស ហើយការដកយករបស់របរផ្សេងៗទ្រង់ទ្រាយធំ បានធ្វើឲ្យប៉ះពាល់ដល់ធនាគារ ស្ថានទូតនានា ឃ្លាំងទំនិញ និងសូម្បីតែព្រះវិហារ៕ អត្ថបទ៖ ស្រីទាវ
