ឥណ្ឌា៖ ប្រជាពលរដ្ឋនៅតាមតំបន់ជាច្រើនក្នុងប្រទេសឥណ្ឌា នាំគ្នាទទួលទានភេសជ្ជៈត្រជាក់ៗ និងងូតទឹកក្នុងទន្លេ ដើម្បីធ្វើឲ្យខ្លួនពួកគេត្រជាក់ ស្របពេលដែលរលកកម្តៅកាន់តែក្តៅខ្លាំងនៅទូទាំងតំបន់ ។
ស្របពេលដែលតូបលក់ទឹកផ្លែឈើ និងភេសជ្ជៈម្សៅក្រាម ផ្តល់ភាពធូរស្រាលដល់ពលរដ្ឋដែលធ្វើដំណើរក្រោមកម្តៅព្រះអាទិត្យដ៏ក្តៅនៅទីក្រុងភាគខាងកើត Patna ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង Chandigarh បានទទួលទានការ៉េមកី និងផឹកទឹកត្រជាក់ ដើម្បីដោះស្រាយបញ្ហាអាកាសធាតុក្តៅនេះ ។
ខណៈពេលនោះដែរ ទន្លេបានសង្រ្គោះប្រជាពលរដ្ឋរស់នៅទីក្រុងភាគខាងជើង Prayagraj ជាទីដែលពួកគេមើលឃើញសីតុណ្ហភាពកើនឡើងខ្ពស់ជាង ៤០អង្សាសេ
លោក Rahul Singh គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុង Prayagraj និយាយថា វាពិតជាក្តៅខ្លាំងណាស់ ហើយវាមានអារម្មណ៍ថាដូចជារងើកភ្លើងធ្លាក់ពីលើមេឃអញ្ចឹង ។ ប្រជាពលរដ្ឋប្រឈមនឹងបញ្ហាច្រើនណាស់ ដោយសារតែរលកកម្តៅនេះ នោះហើយគឺជាហេតុផលដែលអ្នកមើលឃើញមនុស្សយ៉ាងច្រើននៅទីនេះ ។ ប្រជាពលរដ្ឋបានមកទីនេះ ដើម្បីងូតទឹក និងគេចចេញពីកម្តៅ ។
គួរឲ្យដឹងថា រដូវក្តៅនៅក្នុងប្រទេសឥណ្ឌា គឺជាពេលវេលាដ៏លំបាកមួយ ពេលដែលសីតុណ្ហភាពក្តៅខ្លាំងនាំឲ្យកើតមានជំងឺ ហើយជួនកាលស្លាប់មនុស្សទៀតផង ។
មូលហេតុដែលនាំឲ្យសីតុណ្ហភាពកើនឡើងខ្ពស់បែបនេះ គឺដោយសារបញ្ហាជាច្រើន ចាប់ពីបញ្ហាបម្រែបម្រួលអាកាសធាតុ រហូតដល់ការធ្វើនគរូបនីយកម្មកាន់តែខ្លាំងជាងមុន ការកសាងអគារខ្ពស់ៗ និងការថយចុះស្រទាប់បៃតង ៕

