អ៊ុយក្រែន៖ ពលរដ្ឋនៅចំណុចប្រុយុទ្ធដ៏ក្តៅគគុកនៅទីក្រុង Bakhmut ភាគខាងកើតប្រទេសអ៊ុយក្រែន បានចូលមកមជ្ឈមណ្ឌលគាំទ្រទីក្រុងគីវ ដើម្បីទទួលបានការថែទាំសុខភាព និងសម្លៀកបំពាក់ ដោយបោះបង់ចោលទីក្រុងរងភាពខ្ទេចខ្ទាំ ខណៈរុស្ស៊ីអះអាងការគ្រប់គ្រងទាំងស្រុង។

ក្រុមទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ី បានអះអាងថាដណ្តើមបានទីក្រុង Bakhmut បន្ទាប់ពីជាច្រើនខែនៃការវាយប្រហារដ៏តានតឹង ខណៈអ៊ុយក្រែនទទូចថាខ្លួននៅតែកំពុងប្រយុទ្ធក្នុងទីក្រុងដែលត្រូវបានបំផ្លាញមួយនេះ។
នាង Olga ដែលភៀសខ្លួនចេញពីទីក្រុងកំណើតរបស់នាង បាននិយាយថា ខ្ញុំគ្រាន់តែចង់និយាយរឿងមួយទៅកាន់អ្នកទាំងឡាយដែលកំពុងរងចាំរុស្ស៊ី អ្នកនឹងទទួលបាននូវអ្វីដែលអ្នកចង់បាន។ នាង Olga និងពលរដ្ឋទីក្រុង Bakhmut ដែលភៀសខ្លួនដ៏ទៃទៀត បានចូលទៅដល់មជ្ឈមណ្ឌលគាំទ្រ ក្នុងទីក្រុងគីវ ដែលត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលតំបន់ ជាកន្លែងដែលពួកគេអាចជួបវេជ្ជបណ្ឌិត និងទទួលបានសម្លៀកបំពាក់ដោយឥតគិតថ្លៃ ឬការផ្តល់គ្រែ។

ដោយសម្រក់ទឹកភ្នែកក្នុងកំហឹង នាងOlga អាយុ ៣៣ឆ្នាំ បានរៀបរាប់ពីរបៀបដែលនាងបានមកដល់ក្នុងរដ្ឋធានីគីវ កាលពីខែតុលា បន្ទប់ពីភៀសខ្លួនចេញពីទីក្រុង Bakhmut ជាមួយស្វាមី របស់នាង និងកូន២ នាក់។
ឣ្នកស្រី Vera Biryukova ជាគ្រូបង្រៀនចូលនិវត្តន៍អាយុ៧៤ឆ្នាំ បានបង្ហាញរូបភាពជាច្រើននៃអគារគ្មានបង្អួចដែលត្រូវបានឆេះបំផ្លាញ ជាផ្ទះល្វែងរបស់គាត់នៅជាន់ផ្ទាល់ដី៕