ភ្នំពេញ៖ ទំហំជួយដូរនៅផ្សារមូលបត្រកម្ពុជា ក្នុងរង្វង់ជាមធ្យម៣០ម៉ឺនដុល្លារក្នុងមួយថ្ងៃ ក្នុងរយៈពេលបួនខែដើមឆ្នាំ២០២៣នេះ ចំនួនទាបជាងការទំហំជួយដូរកាលពីរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែចំនួនគណនីជួយដូរ ដែលភាគច្រើនជាការជួយដូរក្នុងទំហំតូច មានការកើនឡើងគួរឱ្យកត់សម្គាល់ ឆ្លុះបញ្ចាំងពីចំណាប់អារម្មណ៍របស់សាធារណជន ក៏ដូចជាវិនិយោគិនថ្មីលើផ្សារមូលបត្រកម្ពុជា។
ឯកឧត្តម ហុង សុខហួរ នាយកប្រតិបត្តិផ្សារមូលបត្រកម្ពុជា បានឲ្យដឹងនៅថ្ងៃទី២៣ ខែឧសភាថា ទោះបីជាស្ថានភាពសេដ្ឋកិច្ចប្រឈមនឹងភាពស្រពិចស្រពិលច្រើន ផ្សារមូលបត្រកម្ពុជា នៅតែដំណើរការរលូនទៅមុខ ដោយចំនួនគណនីជួញដូរបានកើនឡើងគួរឱ្យកត់សម្គាល់ដល់ ៤ម៉ឺនគណនី នៅដើមឆ្នាំ២០២៣។
ឯកឧត្តម ហុង សុខហួរ បានដាក់ទិសដៅថា នៅដំណាច់ឆ្នាំ២០២៣នេះ ចំនួនជួញដូរជាមធ្យមនឹង កើនដល់ ៥ម៉ឺនគណនីក្នុងមួយថ្ងៃ។
នាយកប្រតិបត្តិផ្សារមូលបត្រកម្ពុជា មានប្រសាសន៍ថា៖ “ការកើនឡើងនូវចំនួនជួញដូរតួចៗ គឺឆ្លុះបញ្ចាំងឱ្យឃើញនូវការចាប់អារម្មណ៍ច្រើនជាងមុនក្នុងចំណោមសាធារណជន។ពួកគាត់បានចាប់ផ្តើមវិនិយោគក្នុងទំហំទឹកប្រាក់ ដំបូងៗ នៅតិចតួច ខ្ទង់រយ ខ្ទង់ពាន់ ខ្ទង់ម៉ឺនដុល្លារ។ ប៉ុន្តែទៅថ្ងៃមុខ យើងរំពឹងថា ទំហំជួញដូរនឹងកើនឡើង”។
បើតាមផ្សារមូលបត្រកម្ពុជា ក្នុងរយៈពេលបួនខែឆ្នាំ២០២៣ ចំនួនបើកគណនីថ្មី ក្នុងរង្វង់ ១ ពាន់ នាក់ក្នុងមួយថ្ងៃ កើនឡើង ពីប្រមាណ ២០០នាក់ ក្នុងមួយថ្ងៃ កាលពីរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
បច្ចុប្បន្ន មានក្រុមហ៊ុនសរុបចំនួន ១៨ លើទីផ្សារមូលបត្រកម្ពុជា ដែលក្រុមហ៊ុនចំនួនប្រាំបួនបានចុះបញ្ជីភាគហ៊ុន ខណៈដែលក្រុមហ៊ុន៩ផ្សេងទៀត បានចេញមូលបត្រសញ្ញាបណ្ណ។ ក្រុមហ៊ុនបានប្រមូលប្រាក់សរុបចំនួន ជាង៣០០ លានដុល្លារតាមរយៈការផ្តល់ជួញដូររបស់ពួកគេ។
ផ្សារមូលបត្រកម្ពុជា ជាសហគ្រាសសាធារណៈដែលមានភាគហ៊ុនរបស់រដ្ឋាភិបាលចំនួន ៥៥ភាគរយ ហើយភាគហ៊ុនដែលនៅសល់កាន់កាប់ដោយ Korea Exchange ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១១។
ផ្សារមូលបត្រកម្ពុជាបង្កើត និងដំណើរការទីផ្សារមូលបត្រ មជ្ឈមណ្ឌលទូទាត់ និងបង់ប្រាក់ និងកន្លែងដាក់ប្រាក់បញ្ញើ ស្របតាមច្បាប់ស្តីពីការចេញ និងការជួញដូរមូលបត្រមិនមែនរដ្ឋាភិបាល និងបទប្បញ្ញត្តិជាបន្តបន្ទាប់របស់ខ្លួន៕អត្ថបទ៖ វណ្ណៈ