ប៉ាគីស្ថាន៖ មន្ត្រីរដ្ឋាភិបាល បាននិយាយថា ប្រជាជនរាប់រយនាក់ បានមកប្រមូលផ្តុំគ្នា នៅក្នុងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន កាលពីថ្ងៃចន្ទ ដើម្បីតវ៉ាការសម្រេចចិត្តរបស់ប្រទេសឥណ្ឌាជាគូប្រជែងដ៏ធំ ក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំទេសចរណ៍ G20 នៅក្នុងផ្នែករបស់ខ្លួននៅតំបន់ហិម៉ាល័យដែលមានជម្លោះនេះ។ ទីក្រុង New Delhi កំពុងរៀបចំសន្និសីទដ៏សំខាន់នៅក្នុងទីក្រុងរដូវក្តៅ Srinagar(ស្រ៊ីណាហ្កា) តំបន់ Kashmir ចាប់ពីថ្ងៃចន្ទដល់ថ្ងៃពុធជាការសម្រេចមួយ ដែលប្រទេសប៉ាគីស្ថាន និងប្រទេសចិនជាសម្ព័ន្ធមិត្តយូរអង្វែង បានជំទាស់។ មន្ត្រីរដ្ឋាភិបាលលោក Raja Azhar Iqbal បាននិយាយថា ក្រុមអ្នកតវ៉ាជាច្រើនបានធ្វើបាតុកម្មក្នុងទីក្រុង Muzaffarabad (មូហ្សាហ្វហ្វារ៉ាបាដ) ជាទីក្រុងនៅតំបន់ Kashmir គ្រប់គ្រងដោយប្រទេសប៉ាគីស្ថាន និងទីក្រុងផ្សេងទៀត ដោយមានស្រែកពាក្យថា «ទៅវិញឥណ្ឌា បកក្រោយវិញ និងធ្វើពហិការ ធ្វើពហិការកិច្ចប្រជុំ G20 ធ្វើពហិការ»។ រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Bilawal Bhutto-Zardari បានធ្វើទស្សនកិច្ចនៅតំបន់នេះ និងបានថ្លែងសុន្ទរកថា ទៅកាន់សភារបស់តំបន់ Kashmir កាលពីថ្ងៃចន្ទ។ លោកបានចាត់ទុកការជួបប្រជុំគ្នារបស់ក្រុមប្រទេស G20 ថាខុសច្បាប់និងជាការប៉ុនប៉ងដោយប្រទេសឥណ្ឌា ដើម្បីស្វែងរកភាពស្របច្បាប់ជុំវិញការគ្រប់គ្រងរបស់ខ្លួននៅតំបន់ដែលមានជម្លោះ។ កិច្ចប្រជុំក្រុមការងារ ទេសចរណ៍ប្រទេស G20 គឺជាព្រឹត្តិការណ៍អន្តរជាតិលើកដំបូង នៅក្នុងតំបន់ ចាប់តាំងពីមានការផ្លាស់ប្តូរមកនោះ។ ប្រទេសដែលមានអាវុធនុយក្លេអ៊ែរទាំងពីរ ប៉ាគីស្ថាននិងឥណ្ឌា បានប្រយុទ្ធគ្នាក្នុងសង្គ្រាម៣លើក ចាប់តាំងពីទទួលបានឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ១៩៤៧ ដែលសង្គ្រាមចំនួន២ ជុំវិញបញ្ហាតំបន់ Kashmir ដែលពួកគេម្នាក់ៗអះអាងសិទ្ធិគ្រប់គ្រងពេញលេញ ប៉ុន្តែបានគ្រប់គ្រងដោយផ្នែកប៉ុណ្ណោះ។ ក្រុមប្រទេសG20 រួមមានប្រទេសអ្នកមានស្តុកស្តម្ភចំនួន១៩ប្រទេស និងសហភាពអឺរ៉ុប៕

