អារ៉ាប៊ីសាអ៊ូឌីត៖ លោកស្រី Rayyanah Barnawi គឺជាអវកាសយានិកជនជាតិអារ៉ាប់ស្ត្រីដំបូងគេ ដែលបានធ្វើដំណើរទៅដល់ស្ថានីយអវកាសអន្តរជាតិ ឬ ISS។ លោកស្រីជាជនជាតិអារ៉ាប៊ីសាអ៊ូឌីតម្នាក់ ក្នុងចំណោមជនជាតិអារ៉ាប៊ីសាអ៊ូឌីតពីរនាក់ ក្នុងយានបេសកកម្មឯកជនទី២របស់ស្ថានីយអវកាស Axiom Space ដែលបានបាញ់បង្ហោះយានចម្លង SpaceX Falcon 9 ពីសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ។
ក្នុងអំឡុងពេល១០ថ្ងៃរបស់លោកស្រីនៅក្នុងគន្លងផ្លូវលើស្ថានីយអវកាសអន្តរជាតិ (ISS) អ្នកវិទ្យាសាស្ត្រជីវសាស្រ្តវ័យ ២៤ឆ្នាំរូបនេះ គ្រោងនឹងធ្វើការស្រាវជ្រាវកោសិកាដើម និងមហារីកសុដន់។ នាងសង្ឃឹមថា នឹងជួយជំរុញទឹកចិត្តស្ត្រីមកពីគ្រប់មជ្ឈដ្ឋាន នៅមជ្ឈិមបូព៌ា។

នៅក្នុងវីដេអូដែលថតនៅក្នុងលំហអាកាស មុនពេលនាងទៅដល់ស្ថានីយអវកាសអន្តរជាតិ ឬ ISS នាងបាននិយាយថា៖ «ជូនចំពោះមនុស្សជុំវិញពិភពលោក អនាគតគឺភ្លឺស្វាងល្អណាស់។ ខ្ញុំចង់ឲ្យអ្នកមានសុបិនដ៏ធំ ជឿជាក់លើខ្លួនឯង និងជឿជាក់លើមនុស្សជាតិ»។
នាង Barnawi ត្រូវបានចូលរួមនៅក្នុងយានបេសកកម្ម Axiom 2 ដោយមិត្តរួមជាតិអ្នកជំនាញបេសកកម្មអារ៉ាប៊ីសាអូឌីត លោក Ali Alqarni ដែលជាអវកាសយានិកប្រុសទី២ មកពីរាជាណាចក្រឈូងសមុទ្រ ដើម្បីធ្វើដំណើរទៅកាន់ស្ថានីយអវកាសអន្តរជាតិ រួមជាមួយជនជាតិអាមេរិកពីរនាក់ទៀត គឺអវកាសយានិក លោកស្រី Peggy Whitson និងពីឡុត លោក John Shoffner។
ក្រុមយានិកទាំងអស់ បានធ្វើដំណើរទៅកាន់ទីអវកាសខាងក្នុងយានអវកាស Dragon របស់យានអវកាស SpaceX ដែលស្ថិតនៅលើយានចម្លង Falcon 9 និងដែលត្រូវបានបាញ់បង្ហោះពីមជ្ឈមណ្ឌលអវកាស Kennedy នៅទីក្រុង Cape Canaveral រដ្ឋ Florida កាលពីថ្ងៃអាទិត្យ៕