អ៊ីស្រាអែល បានចោទប្រកាន់កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់(IRGC)ថាកំពុងប្រែក្លាយនាវាពាណិជ្ជកម្មទៅជាកន្លែងសម្រាប់បាញ់មីស៊ីល យានដ្រូន និងជាកន្លែងឈរជើងរបស់កងកុំម្មង់ដូ។
ការចោទប្រកាន់របស់រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant បានកើតមានឡើង ស្របពេលមានភាពតានតឹងកើតឡើងជាថ្មី រវាងប្រទេសសត្រូវក្នុងតំបន់ទាំង២ ពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែងមហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងការគាំទ្ររបស់ពួកគេដល់ក្រុមជីវពលប៉ាឡេស្ទីន និងក្រុមជីវពលលីបង់។
ពេលបង្ហាញរូបភាពនាវាអ៊ីរ៉ង់ ៦គ្រឿងដែលត្រូវបានគេរាយការណ៍ថាកែច្នៃឡើងវិញ ក្នុងនោះ នាវា៥គ្រឿងត្រូវបានបញ្ចេញឈ្មោះ លោក Gallant និយាយប្រាប់វេទិកាសន្តិសុខ Herzliya Conferenceថា មានមូលដ្ឋានភេរវកម្មបណ្តែតទឹក ហើយមូលដ្ឋានបណ្តែតទឹកមួយ បានធ្វើដំណើរឆ្ពោះទៅកាន់តំបន់ឈូងសមុទ្រអាដែន កាលពីពេលថ្មីៗនេះ។
. លោក Gallant បន្តថា នេះធ្វើឡើងដោយផ្ទាល់លើភេរវកម្មសមុទ្រដែលអ៊ីរ៉ង់បំពាននៅតំបន់ឈូងសមុទ្រពែក្ស និងសមុទ្រអារ៉ាប់។ ពួកគេកំពុងពង្រីកសកម្មភាពរបស់ខ្លួន ដល់មហាសមុទ្រឥណ្ឌា ហើយក្រោយមកដល់សមុទ្រក្រហម និងដល់សមុទ្រមេឌីទែរ៉ាណេផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ នៅពុំទាន់មានការឆ្លើយតបភ្លាមៗនោះទេពីអ៊ីរ៉ង់ ជុំវិញការចោទប្រកាន់របស់អ៊ីស្រាអែល។ រយៈពេល ២ឆ្នាំចុងក្រោយនេះ គេមើលឃើញអ៊ីរ៉ង់ និងអ៊ីស្រាអែល ដាក់ការស្តីបន្ទោសលើគ្នាទៅវិញទៅមកលើការវាយប្រហារដោយពុំបានអះអាងលើនាវារបស់ពួកគ នៅក្នុងតំបន់ឈូងសមុទ្រពែក្ស៕