អាហ្វហ្គានីស្ថាន៖ រដ្ឋាភិបាលអាហ្វហ្គានីស្ថាននិយាយថា ចំនួនអ្នកស្លាប់ដោយសារការផ្ទុះថ្មីៗនេះ នៅជិតសាលាមួយក្នុងរដ្ឋធានីកាប៊ុលបានកើនឡើងដល់ ៦៨នាក់ និងជាង ១៥០នាក់ផ្សេងទៀតរងរបួស។ ក្រុមមន្ត្រីនិយាយថា អ្នកស្លាប់ភាគច្រើនជានិស្សិតស្រី។

ក្រុមមន្ត្រីសន្តិសុខនិយាយថា រថយន្តមួយគ្រឿងដែលផ្ទុកដោយគ្រឿងផ្ទុះ ត្រូវបានបំផ្ទុះនៅជិតខ្លោងទ្វារចូលសាលារៀនកាលពីថ្ងៃសៅរ៍ បន្ទាប់មកមានការបំផ្ទុះគ្រាប់បែកជាច្រើននៅក្បែរនោះ។ លោកប្រធានាធិបតី Ashraf Ghani បានចេញសេចក្ដីថ្លែងការណ៍មួយ នៅពេលក្រោយមកដោយស្តីបន្ទោសពួកសកម្មប្រយុទ្ធតាលីបង់ ចំពោះការផ្ទុះនេះ។ លោកបានថ្កោលទោសការផ្ទុះនេះជាបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ។ ក្រុមតាលីបង់បានបដិសេធទទួលខុសត្រូវ ចំពោះការវាយប្រហារទាំងនេះ។
កងកម្លាំងប្រឆាំងរដ្ឋាភិបាលបានបន្តយុទ្ធនាការភេរវកម្ម របស់ពួកគេនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ទោះបីជាការដកកងទ័ពទាំងអស់របស់ទីក្រុងវ៉ាស៊ីនតោន ចេញពីប្រទេសនឹងធ្វើឡើងនៅត្រឹមថ្ងៃទី១១ ខែកញ្ញា ដែលមានរយៈពេល ២០ឆ្នាំចាប់តាំងពីការវាយប្រហារភេរវកម្មលើសហរដ្ឋអាមេរិកក៏ដោយ។ ក្រុមអ្នកជំនាញបារម្ភថា ស្ថានភាពសន្តិសុខនៅអាហ្វហ្គានីស្ថានអាចនឹងកាន់តែយ៉ាប់យ៉ឺនថែមទៀត៕
អត្ថបទ៖ សុខមាន