កូរ៉េខាងជើង ៖ សម្រាប់ជនជាតិកូរ៉េខាងជើង បណ្ដោយព្រំដែនភាគខាងជើងរបស់ប្រទេសនេះ កម្រផ្ដល់ភាពងាយស្រួល ក្នុងការទទួលបានព័ត៌មានពីខាងក្រៅ ឱកាសធ្វើពាណិជ្ជកម្ម និងជម្រើសដ៏ល្អបំផុតដល់អ្នកទាំងឡាយដែលកំពុងស្វះស្វែងរត់ភៀសខ្លួន។
ប៉ុន្តែនៅពេលដែលជំងឺរាតត្បាត បានរីករាលដាលទូទាំងពិភពលោក ក្នុងឆ្នាំ២០២០ របបរបស់លោកគីម ជុងអ៊ុន (Kim Jong Un) បានចាប់ផ្តើមអនុវត្តវិធីដ៏ធំមួយ ដើម្បីបិទព្រំដែនរបស់ខ្លួនជាមួយប្រទេសចិន និងរុស្ស៊ី ដោយកាត់ផ្តាច់ផ្លូវដែលត្រូវបានប្រើប្រាស់ដោយអ្នករត់ពន្ធ និងអ្នកចង់រត់ចោលមាតុភូមិ។
ចាប់តាំងពីពេលនោះមក យោងតាមរូបភាពពីផ្កាយរណបពាណិជ្ជកម្ម បានបង្ហាញថា ទីក្រុងព្យុងយ៉ាង បានសាងសង់រាប់រយគីឡូម៉ែត្រ ឬជួសជុលកែលម្អរបងព្រំដែន កំពែង និងប៉ុស្តិ៍យាមថ្មី ដែលអនុញ្ញាតឲ្យប្រទេសនេះ រឹតបន្តឹងលំហូរព័ត៌មាន និងទំនិញចូលប្រទេស ទប់ស្កាត់នូវការនាំចូលវត្ថុធាតុបរទេស និងការចាកចេញរបស់ប្រជាជនខ្លួន។
ទំហំរបស់គម្រោងនេះ បង្ហាញឲ្យឃើញនៅក្នុងរូបភាព ដែលត្រូវបានវិភាគដោយសារព័ត៌មាន Reuters និងវិទ្យាស្ថានសិក្សាអន្តរជាតិ Middlebury ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ក្នុងទីក្រុង Monterey ក៏ដូចជាគណនីរបស់អ្នករត់ភៀសខ្លួន សកម្មជន និងអ្នកផ្សេងទៀតចំនួន ៧ ដែលដឹងពីសកម្មភាពនៅតាមព្រំដែន។
រដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសកូរ៉េខាងជើង បាននិយាយតិចតួចអំពីការសាងសង់នៅព្រំដែន ហើយស្ថានទូតរបស់ខ្លួន នៅទីក្រុងឡុងដ្រ៍ មិនបានឆ្លើយតបចំពោះការហៅទូរស័ព្ទពីសារព័ត៌មាន Reuters ទេ។ ប៉ុន្តែអង្គភាពព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង បានកត់សម្គាល់ពីការបង្កើនសន្តិសុខ ដើម្បីទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណា និងវត្ថុធាតុប្លែកៗផ្សេងទៀត។
នៅក្នុងសុន្ទរកថា ដែលប្រកាសពីជ័យជម្នះលើ COVID-19 កាលពីឆ្នាំមុន លោកគីម ជុងអ៊ុន (Kim Jong Un) បានបញ្ជាឲ្យមន្ត្រី «ធានានូវភាពល្អឥតខ្ចោះ» នៃ «កំពែងបិទផ្លូវជាច្រើន នៅតាមព្រំដែន តំបន់ជួរមុខ និងឆ្នេរសមុទ្រ រហូតដល់ផ្លូវទឹក និងអាកាស»៕

