កំពង់ធំ៖ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ សម្រេចរំសាយសហគមន៍ស្រះជម្រកត្រីលាភទង ក្រោយពីប្រជាពលរដ្ឋជាង២០០គ្រួសារ ដាក់ពាក្យស្នើរសុំរំសាយ ដើម្បីបម្រើផល ប្រយោជន៍សាធារណៈដូចមុន។
នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣, លោក ប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ អញ្ជើញចុះជួប និងស្តាប់ សំណើរប្រជាពលរដ្ឋដែលជាសមាជិកសហគមន៍ស្រះជម្រកត្រី លាភទង ស្ថិតភូមិឥន្ទកុមារ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ក្នុងឱកាសនោះតំណាងប្រជាពលរដ្ឋចំនួន៤រូប លោក សឿង សុភាព, លោក សយ រ៉ន, លោក ខាត់ ខុម និងលោកស្រី ហេង ឌីម៉ង់ លើកឡើងប្រហាក់ប្រហែល គ្នាពីបញ្ហាដែលប្រជាពលរដ្ឋជួបផលលំបាក ក្រោយពីការបង្កើតគណៈកម្មការសហគមន៍ស្រះជម្រកត្រីមក គឺ ស្រះជម្រកត្រី ដែលអតីតជាត្រពាំងលាភទង ត្រូវបានកាន់កាប់ហ៊ុព័ទ្ធរបងដោយគណៈកម្មការ សហគមន៍ ដែលមិនឲ្យ គោ ក្របី ដែលជាសត្វពាហនៈរបស់ពួកគាត់ចូលផឹកដូចកាលមុន, ក្នុងរង្វង់ជុំវិញស្រះ១០០ម៉ែត្រ គណៈកម្មកាសហគមន៍មិនអនុញ្ញាត្តិអោយប្រជាពលរដ្ឋធ្វើស្រែប្រាំងក្នុងដីកម្មសិទ្ធិនិងមិនឲ្យនេសាទដោយប្រើប្រាស់ឧបករណ៍នេសាទលក្ខណៈគ្រួសារ នៅវដូវស្សា, គណៈកម្មការសហគមន៍មិនបានផ្សព្វផ្សាយពីសមិទ្ធផលដែលកើតចេញពីផលប្រយោជន៍នៃស្រះសហគមន៍ ជាពិសេសផលត្រី និងអត្ថប្រយោជន៍ ដែលទទួលបានជាប្រចាំនៃឆ្នាំនីមួយៗ។ ក្រុមតំណាងប្រជាពលរដ្ឋ បន្តថា កាលដើមឡើយអាជ្ញាធរមូលដ្ឋាន ស្នើរសុំប្រជាពលរដ្ឋផ្តិតមេដាយ សុំជីកយកអាច់ម៍ដីយកមកធ្វើផ្លូវ និងស្តារ ត្រពាំងលាភទង ឲ្យជ្រៅដើម្បីផលប្រយោជន៍រួមតែប៉ុណ្ណោះ មិនមែនធ្វើជាស្រះសហគមន៍នោះទេ។
ក្នុងនោះ លោក ជិន ស៊ីថា នាយកខណ្ឌរដ្ឋបាលជលផលកំពង់ធំ លើកឡើងថា ការរៀបចំបង្កើតស្រះ ជម្រកត្រីនេះ កើតឡើងដោយសារ អាជ្ញាធរមូលដ្ឋានរួមប្រជាពលរដ្ឋស្នើរសុំឲ្យមានការបង្កើតឡើង កាលឆ្នាំ ២០១៦ ដោយមូលហេតុឃើញថានឹងផ្តល់លប្រយោជន៍ដល់ប្រជាពលរដ្ឋ ដើម្បីជាផ្នែកមួយនៃការចូលរួមថែរក្សា សន្និសុខស្បៀង រក្សានូវធនធានជលផល តាមរយៈការបង្កើតជាស្រះការពារត្រីមេពូជ នៅក្នុងរដូវប្រាំងកុំឲ្យ ផុតពូជ។
ទន្ទឹមជាមួយនូវការស្តាប់ពីផលលំបាក និងការស្នើរសុំរបស់ប្រជាពលរដ្ឋ ជាច្រើរូប រួមជាមួយតំណាង ប្រជាពលរដ្ឋផងនោះ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ សម្រេច ដោយ៖ រំសាយគណៈកម្មការសហគមន៍ស្រះជម្រកត្រីលាភទង, ប្រជាពលរដ្ឋទាំងអស់មានសិទ្ធិ អាស្រ័យផលស្មើរៗគ្មាលើដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋដែលនៅជុំវិញ ដូចមុន, មិនឲ្យមានការហាមឃាត់បិទបាំង គោ ក្របី ទៅផឹកទឹកត្រពាំង។ ហើយស្រះជម្រកត្រីលាភទង ត្រូវគ្រប់គ្រងដោយអាជ្ញាធរមូលដ្ឋានទុកជាទ្រព្យសម្បត្តិរួមរួម ដោយមិនអនុញ្ញាត្តិ ឲ្យប្រជាពលរដ្ឋ ឬបុគ្គលណាម្នាក់យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនឡើយ។ចំពោះការរំលាយសហគមន៍រូបលោកនឹងឲ្យមន្រ្តីជំនាញធ្វើរបាយការណ៍អនុវត្តន៍តាមនីតិវិធី និងចេញជាលិខិតលាយលក្ខ័ណ៍អក្សរជាធរមាន។







