មន្ត្រីជាន់ខ្ពស់ទីក្រុង Kyiv បាននិយាយថា កងកម្លាំងរុស្ស៊ីបានកាត់បន្ថយការវាយប្រហាររបស់ពួកគេជាបណ្តោះអាសន្នលើទីក្រុង Bakhmut ភាគខាងកើតអ៊ុយក្រែន ដែលត្រូវបានឡោមព័ទ្ធ ដើម្បីប្រមូលផ្តុំកម្លាំង និងពង្រឹងសមត្ថភាពកងទ័ពរបស់ពួកគេឡើងវិញ។

ដោយឡែកមន្ត្រីជាន់ខ្ពស់អ៊ុយក្រែនកាលពីថ្ងៃសៅរ៍ បានបង្ហាញថា កងកម្លាំងរបស់ពួកគេបានត្រៀមខ្លួនជាស្រេចដើម្បីបើកការវាយបកដែលបានសន្យាជាយូរមកហើយ ក្នុងការដណ្តើមយកទឹកដីដែលរុស្ស៊ីកាន់កាប់មកវិញចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនេះ។
កងទ័ពឯកជនរបស់ក្រុមហ៊ុនទាហានស៊ីឈ្នួលវ៉េកណា(Wagner)របស់រុស្ស៊ីបានចាប់ផ្តើមប្រគល់ទីតាំងដល់កងទ័ពរុស្ស៊ីក្នុងសប្តាហ៍នេះ បន្ទាប់ពីបានប្រកាសការគ្រប់គ្រងទាំងស្រុងលើ ទីក្រុង Bakhmut បន្ទាប់ពីសមរភូមិដ៏យូរបំផុត និងបង្ហូរឈាមបំផុតនៃសង្គ្រាមមួយនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្ដាញ Telegram អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោកស្រី Hanna Maliar បាននិយាយថា កងកម្លាំងរុស្ស៊ីកំពុងបន្តវាយប្រហារ ប៉ុន្តែសកម្មភាពវាយលុកទាំងមូលបានថយចុះ។
លោកស្រី បានសរសេរកាលពីថ្ងៃសៅរ៍ថា កាលពីម្សិលមិញនិងថ្ងៃនេះមិនមានការប្រយុទ្ធដ៏សកម្មណាមួយទេ ទាំងនៅក្នុងទីក្រុង ឬនៅផ្នែកផ្សេងនៃទីក្រុងនេះ ដោយបន្ថែមថា កងទ័ពរបស់ទីក្រុង Moscow បានជំនួសមកវិញដោយ ការបាញ់ផ្លោងទៅលើជាយក្រុង និងរំកិលកាន់តែជិត ទីក្រុង Bakhmut ៕