ក្រុមបាតុករអាកាសធាតុជាង១.៥០០នាក់ត្រូវបាននគរបាលហូឡង់ចាប់ខ្លួន បន្ទាប់ពីបានបិទផ្លូវធំមួយក្នុងទីក្រុងឡាអេ។ ក្នុងអំឡុងពេលនៃការតវ៉ាដែលរៀបចំ ដោយសកម្មជន Extinction Rebellion បានដើរលើផ្លូវ A12 ទាមទារឲ្យបញ្ចប់ការឧបត្ថម្ភធនឥន្ធនៈហ្វូស៊ីល។

នគរបាលបានប្រើកាណុងបាញ់ទឹក ដើម្បីព្យាយាមបំបែកហ្វូងមនុស្ស ប៉ុន្តែមនុស្សជាច្រើនបានត្រៀមអាវភ្លៀង និងឈុតហែលទឹក។ បាតុករដែលត្រូវបានចាប់ខ្លួន ភាគច្រើនត្រូវបានដោះលែង ប៉ុន្តែនគរបាលបាននិយាយថា ៤០នាក់នឹងត្រូវកាត់ទោស។

ភ្នាក់ងារព័ត៌មានហូឡង់ ANP បាននិយាយថា ក្នុងចំណោមអ្នកតវ៉ាកាលពីថ្ងៃសៅរ៍ មានតារាហូឡង់ជាច្រើននាក់ រួមទាំងតារាសម្ដែងនាង Carice van Houten ដែលគេស្គាល់ថា សម្ដែងជាតួអង្គ Melisandre ក្នុងរឿងភាគទូរទស្សន៍ Game of Thrones។ នាងត្រូវបានចាប់ខ្លួន ប៉ុន្តែក្រោយមកត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។
ក្រុមចលនា Extinction Rebellion បានចោទប្រកាន់នគរបាលថា បានប្រើកាណុងបាញ់ទឹក បង្ក្រាបក្រុមបាតុករ មានរយៈពេលត្រឹមតែ១៥នាទី បន្ទាប់ពីការចាប់ផ្តើមការរារាំងប៉ុន្តែនគរបាលបាននិយាយថា ពួកគេបានសុំឲ្យក្រុមសកម្មជនចាកចេញ និងទុកឱកាសឲ្យពួកគេបំបែក មុនពេលប្រើកាណុងបាញ់ទឹក។ មនុស្ស ១.៥៧៩ នាក់ ដែលបដិសេធមិនព្រមចាកចេញត្រូវបានចាប់ខ្លួន ៕
