យោងតាមសម្ដី ដែលត្រូវបានដកស្រង់ មន្ត្រីជាន់ខ្ពស់បេឡារុស្សម្នាក់ កាលពីថ្ងៃអាទិត្យថា បណ្តាប្រទេសលោកខាងលិច បានធ្វើឲ្យប្រទេសបេឡារុសគ្មានជម្រើសអ្វី ក្រៅពីដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិករបស់រុស្ស៊ី ហើយគួរតែប្រយ័ត្នប្រយែងឲ្យបានប្រសើរជាងមុន ដើម្បីកុំឲ្យមានការ «ឆ្លងកាត់បន្ទាត់ក្រហម» ចំពោះបញ្ហាយុទ្ធសាស្ត្រសំខាន់ៗ។

លោក Alexander Volfovich លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខរបស់ប្រទេសបេឡារុស្ស បាននិយាយថា វាជាហេតុផល ដែលអាវុធទាំងនេះ ត្រូវបានដកចេញ បន្ទាប់ពីសហភាពសូវៀតដួលរលំ ក្នុងឆ្នាំ១៩៩១ ខណៈដែលសហរដ្ឋអាមេរិក បានផ្តល់ការធានា សម្រាប់សន្តិសុខ និងមិនមានការដាក់ទណ្ឌកម្មណាមួយឡើយ។
ទីភ្នាក់ងារព័ត៌មាន Belta បានដកស្រង់សម្តីរបស់លោក Volfovich ដែលបានប្រាប់ដល់កិច្ចសម្ភាសន៍តាមទូរទស្សន៍រដ្ឋថា៖ «ថ្ងៃនេះ អ្វីៗត្រូវបានធ្វើឲ្យខូចអស់ទៅហើយ។ ការសន្យាទាំងឡាយ ត្រូវរលាយបាត់បង់ជារៀងរហូត»។
បេឡារុស្ស ដែលដឹកនាំដោយប្រធានាធិបតី លោក Alexander Lukashenko តាំងពីឆ្នាំ១៩៩៤ គឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ប្រទេសរុស្ស៊ី ក្នុងចំណោមអតីតរដ្ឋសហភាពសូវៀត ហើយបានអនុញ្ញាតឲ្យវិមានក្រឹមឡាំងប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីបើកការវាយលុកលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២។
រុស្ស៊ីបានបោះជំហានទៅមុខ កាលពីសប្តាហ៍មុន ដោយសម្រេចដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិកនៅលើទឹកដីបេឡារុស្ស ក្នុងគោលបំណងធ្វើឲ្យសម្រេចគោលដៅដ៏ជាក់លាក់មួយនៅលើសមរភូមិ។

លោក Volfovich បានប្រាប់ថា៖ «ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិកលើទឹកដីនៃប្រទេសបេឡារុស គឺជាហេតុផលមួយនៃរារាំងការវាយប្រហារជាយុទ្ធសាស្ត្រ។ ប្រសិនបើនៅតែមានហេតុផលណាមួយនៅក្នុងគំនិតរបស់អ្នកនយោបាយលោកខាងលិច ប្រាកដណាស់ ពួកគេនឹងមិនឆ្លងកាត់បន្ទាត់ក្រហមនេះទេ»។
ចំពោះការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅប្រទេសបេឡារុស សហរដ្ឋអាមេរិកបានថ្កោលទោស ហើយនិយាយថា ជំហររបស់ខ្លួនលើការប្រើអាវុធបែបនេះមិនផ្លាស់ប្ដូរនោះឡើយ។
លោកខាងលិច បានដាក់ទណ្ឌកម្មលើប្រទេសបេឡារុសជាយូរមកហើយ មុនពេលមានការរំលោភសិទ្ធិពាក់ព័ន្ធនឹងការគាបសង្កត់លើសកម្មជនសិទ្ធិមនុស្សរបស់លោក Lukashenko ជាពិសេសការបង្ក្រាបលើការតវ៉ាទ្រង់ទ្រាយធំប្រឆាំងនឹងអ្វីដែលគូប្រជែងរបស់លោក បានលើកឡើងថា ជាការជាប់ឆ្នោតជាថ្មីតាមរយៈការបន្លំ កាលពីឆ្នាំ២០២០៕