
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅចក្រភពអង់គ្លេសលោក Andrei Kelin និយាយថា វាគឺជាកំហុសដ៏ធ្ងន់ធ្ងរមួយ ពេលគិតថា អ៊ុយក្រែនអាចយកឈ្នះរុស្ស៊ី នៅក្នុងសង្រ្គាមកំពុងបន្តរបស់ពួកគេ។
នៅក្នុងបទសម្ភាសន៍ជាមួយ BBC កាលពីថ្ងៃអាទិត្យ លោក Kelin និយាយថា ប្រទេសរបស់លោកមានទំហំធំជាងអ៊ុយក្រែនរហូតដល់ទៅ ១៦ដង មានធនធានដ៏ច្រើនសម្បូរបែប និងនៅពុំទាន់លេងធម៌ក្តៅនៅឡើយទេ។
លោក Kelin បាននិយាយព្រមានផងដែរថា ការផ្គត់ផ្គង់អាវុធលោកខាងលិចដល់អ៊ុយក្រែន មានតែធ្វើឲ្យជម្លោះកាន់តែឡើងកម្តៅខ្លាំងបន្ថែមទៀត ហើយរយៈពេលធ្វើសង្រ្គាម អាស្រ័យលើភាពតានតឹងកើនឡើងបង្កដោយបណ្តាប្រទេសសម្ព័ន្ធមិត្តយោធាណាតូប៉ុណ្ណោះ ដែលផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន។
លោកបន្តថា ជាការពិតណាស់ថា មុន ឬក្រោយ យូរ ឬឆាប់ ការឡើងកម្តៅនេះ អាចនឹងឈានដល់កម្រិតថ្មីដែលពួកយើងពុំត្រូវការ ហើយនិងពួកយើងមិនចង់បាន។ ពួកយើងអាចបង្កើតសនិ្តភាពបាននៅថ្ងៃស្អែក។
គួរឲ្យដឹងថា រុស្ស៊ីបានបើកការវាយប្រហារតាមច្រកអាកាសទៅលើទីក្រុងគីវ កាលពីយប់កន្លងទៅដែលក្រុមមន្រ្តីនិយាយថា វាគឺជាការវាយប្រហារតាមយានដ្រូនទ្រង់ទ្រាយធំបំផុត ចាប់តាំងពីសង្រ្គាមផ្ទុះឡើង ស្របពេលដែលរដ្ឋធានីប្រទេសអ៊ុយក្រែនមួយនេះ ប្រារព្ធខួបនៃការបង្កើតប្រទេសរបស់ខ្លួនកាលពីថ្ងៃអាទិត្យ៕