កំពត៖ ខេត្តកំពត និងខេត្តកែប បានសម្ពោធដាក់ឲ្យប្រើប្រាស់នូវទីលានទុកដាក់សំរាមថ្មី ដែលអាចប្រើប្រាស់បានក្នុងរយៈពេល២០ឆ្នាំ និងធ្វើឲ្យខេត្តទាំង២មានភាពល្អប្រសើរថែមទៀត លើបញ្ហាបរិស្ថាន អនាម័យ ទេសចរណ៍ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។
គម្រោងអភិវឌ្ឍន៍ទីក្រុងរបៀង និងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាប័ន្ន ក្នុងមហាអនុតំបន់មេគង្គ ជំហានទី២ ត្រូវបានបន្តអនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដែលគម្រោងនេះ បានផ្ដោតទៅលើការទុកដាក់សំរាម បរិស្ថាន អនាម័យ ក៏ដូចជាសោភណភាព និងសុខមាលភាពប្រជាពលរដ្ឋ។
ជាក់ស្ដែងនាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ទីលានទុកដាក់សំរាមថ្មីចំនួន២កន្លែង សម្រាប់ខេត្តកំពត និងខេត្តកែប ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍លើកឡើងពីសមិទ្ធផលនានាដែលកម្ពុជាកំពុងមាន ក៏ដូចជាកំពុងសាងសង់ និងត្រៀមសាងសង់បន្ថែមទៀត ក្នុងនោះឯកឧត្ដមបានបង្ហាញពីគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្ត្រ ដែលនឹងធ្វើឲ្យខេត្តកំពត និងកែប ទទួលបានផលប្រយោជន៍កាន់តែច្រើន ពិសេសគឺកម្ពុជាទាំងមូល។
ជាមួយគ្នានេះការទុកដាក់សំរាមក៏ជាផ្នែកមួយដែលត្រូវបានរាជរដ្ឋាភិបាលគិតគូយ៉ាងល្អិតល្អន់ផងដែរ ដើម្បីលើកកម្ពស់បរិស្ថាន អនាម័យ សោភ័ណភាពនៅតំបន់ពាក់ព័ន្ធ ពិសេសគឺគិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ សម្រាប់ពេលអនាគតដែលនឹងមានការអភិវឌ្ឍឥតឈប់ឈរនោះ។
សម្រាប់ខេត្តកំពតទីលានទុកដាក់សំរាមថ្មីជាគម្រោងអភិវឌ្ឍន៍ទីក្រុងរបៀងនៃមហាអនុតំបន់ទន្លេមេគង្គ ជំហានទី២ ក្រោមកម្ចីឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ី ដែលមានតម្លៃជាង៣លាន ៣៧ម៉ឺនដុល្លារអាមេរិក ស្ថិតនៅភូមិថ្មី ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត។
កន្លែងទុកដាក់សំរាមនេះត្រូវបានរចនាឡើងជាពីររណ្តៅ ដែលមានទំហំមាត់រណ្ដៅប៉ុនគ្នា ៨០ម៉ែត្រ x ១៧០ម៉ែត្រ ជម្រៅ ៣ម៉ែត្រ ទំហំជាងមួយហិកតា។
តាមផែនការរណ្តៅទាំងពីរនេះនឹងត្រូវបំពេញសំរាមរហូតដល់ ១០ម៉ែត្រ គិតចាប់ពីមាត់រណ្ដៅ ដែលអាចផ្ទុកបានបរិមាណសំរាមបានប្រមាណជាង ៣៤ម៉ឺនម៉ែត្រគូប ដែលសាងសង់លើផ្ទៃដី ជាង ៨ហិកតា លើផ្ទៃដីសរុបទំហំជាង ១០ហិកតា នឹងប្រើប្រាស់ក្នុងរយៈពេល២០ឆ្នាំ សម្រាប់ប្រជាជនក្នុងខេត្តកំពតទាំងមូលប្រមាណជា ៥ម៉ឺន ២ពាន់នាក់។
សម្រាប់ខេត្តកែបទីលានទុកដាក់សំរាមថ្មី ជាគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងមហាអនុតំបន់មេគង្គ ជំហានទី២ ដែលប្រើថវិកាជាង ១០លានដុល្លារអាមេរិក ស្ថិតនៅភូមិដំណាក់ចង្អើរ ឃុំព្រៃធំ ក្រុងកែប ខេត្តកែប។
ទីលានទុកគេសំរាមថ្មីនេះ ត្រូវបានសាងសង់ឡើងមានចំនួន ៤រណ្ដៅ មានសមត្ថភាពផ្ទុកសំរាមបានប្រមាណ ៦០ម៉ឺនម៉ែត្រគូប និងអាចប្រើបានរយៈពេល ២០ឆ្នាំ និងបានសាងសង់លើផ្ទៃដីទំហំ ១៤ហិកតា សម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងក្រុងកែប និងស្ទើរតែទាំងអស់នៃវិស័យទេសចរណ៍ដូចជាភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ និងផ្សារ ដែលទទួលបានសេវានេះ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា





