ស៊ូដង់ ៖ លោក Eddie Rowe គឺជាប្រធានកម្មវិធីស្បៀងអាហារពិភពលោក(WFP)ប្រចាំនៅប្រទេសស៊ូដង់ បាននិយាយកាលពីថ្ងៃអង្គារថា ជំនួយស្បៀងអាហារប្រហែល ១៧.០០០តោន បានបាត់ដោយសារត្រូវបានគេលួច ចាប់តាំងពីសង្រ្គាមផ្ទុះឡើងនៅក្នុងប្រទេសស៊ូដង់ កាលពីរយៈពេល ៦សប្តាហ៍មុន ។

អង្គការសហប្រជាជាតិ(UN) និងក្រុមផ្តល់ជំនួយ បាននិយាយថា បើទោះបីជាមានបទឈប់បាញ់យាងណាក្តី ពួកគេនៅតែពិបាកក្នុងការទទួលបានការយល់ព្រមពីការិយាធិបតេយ្យ និងការធានាសន្តិសុខ ដឹកជញ្ជូនជំនួយ និងបុគ្គលិកទៅកាន់ទីក្រុង Khartoum និងកន្លែងផ្សេងទៀតដែលកំពុងត្រូវការជំនួយ ។
WFPនិយាយថា ពួកគេបានចាប់ផ្តើមការចែកចាយជំនួយរយៈពេល ៣ថ្ងៃនៅក្នុងរដ្ឋធានី Khartoum កាលពីថ្ងៃសៅរ៍ ហើយនិងបានចែកដល់ប្រជាពលរដ្ឋជាង ១២.០០០នាក់នៅទីក្រុង Omdurman នៅតាមតំបន់ដែលគ្រប់គ្រងដោយកងទ័ពស៊ូដង់ ក៏ដូចជាគ្រប់គ្រងដោយកងកម្លាំងគាំទ្ររហ័ស RSF ។ ពួកគេបន្តថា ពួកគេមានគម្រោងចែកចាយជំនួយដល់ពលដ្ឋយ៉ាងហោច ៥០ម៉ឺននាក់ទៀត នៅក្នុងរដ្ឋធានី Khartoum ។
WFP រំពឹងថា ប្រជាពលរដ្ឋរហូតដល់ ២,៥លាននាក់នៅក្នុងប្រទេសស៊ូដង់ នឹងធ្លាក់ក្នុងភាពអត់ឃ្លាន អំឡុងរយៈពេលប៉ុន្មានខែទៀតនេះ ហើយចំនួនពលរដ្ឋដែលរងផលប៉ះពាល់ដោយសារអសន្តិសុខស្បៀងធ្ងន់ធ្ងរ មានរហូតដល់ ១៩លាននាក់ ពោលគឺស្មើនឹង ៤០ភាគរយនៃចំនួនពលរដ្ឋសរុបរបស់ប្រទេសស៊ូដង់ ។

លោក James Elder គឺជាអ្នកនាំពាក្យមូលនិធិកុមារអន្តរជាតិ UNICEF និយាយថា កុមារ ១៣.៦លាននាក់ នៅក្នុងប្រទេសស៊ូដង់ ត្រូវការជំនួយបន្ទាន់ ។ លោកបន្តថា កុមាររាប់រយនាក់ក្នុងចំណោមពួកគេ បានស្លាប់ និងរាប់ពាន់នាក់ផ្សេងទៀត មានពិការរភាព ៕