ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា «កុំខ្លាចក្នុងការយកតម្រាប់តាមអ្នកជោគជ័យ» ការចាប់យកនូវបទពិសោធន៍ និងការអនុវត្តរបស់បុគ្គលជោគជ័យ គឺជាចំណុចសំខាន់នៃការបណ្តុះសមត្ថភាពតាមរយៈការសិក្សារៀនសូត្រ ការបង្កើនចំណេះដឹង ដោយអនុវត្តសកម្មភាពទាំងនោះឱ្យក្លាយជាទម្លាប់ដើម្បីទទួលបានជោគជ័យ និងសម្រេចបានគោលដៅរបស់ខ្លួន។
ការថ្លែងរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា យ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំជាមួយគណៈដឹកនាំចលនាយុវជន ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ប្រមាណ១៦០០នាក់ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ។
ក្នុងកម្មវីធីកិច្ចប្រជុំ និងពិធីជួបសំណេះសំណាលខាងលើនេះ អមដំណើរដោយ ឯកឧត្តម ស សុខា អនុប្រធាន ស.ស.យ.ក. និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃស.ស.យ.ក. និងសមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល ស.ស.យ.ក. បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយគណៈដឹកនាំចលនាយុវជន ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ក្នុងគោលបំណងជួបសំណេះសំណាល និងស្ដាប់នូវរបាយការណ៍វឌ្ឍនភាព ក៏ដូចជាស្វែងយល់ពីស្ថានភាពជាក់ស្ដែងរបស់សាកលវិទ្យាល័យ ជាពិសេសពិភាក្សាលើការងារអភិវឌ្ឍសមត្ថភាពយុវជនតាមរយៈការពង្រឹងរចនាសម្ព័ន្ធការសិក្សា និងពង្រីកកិច្ចសហការជាមួយដៃគូរសហការ ដើម្បីផ្ដល់ជាឱកាសសម្រាប់យុវជនក្នុងសាកលវិទ្យាល័យបន្ថែមពីអ្វីដែលមានស្រាប់។
ក្នុងជំនួបនាព្រឹកនេះឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន និងសមិទ្ធផលនានា ដែលសាកលវិទ្យាល័យសម្រេចបាន ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យ ជាពិសេសការផ្សារភ្ជាប់យុវជន ឱ្យមានទំនាក់ទំនងល្អជាមួយការចូលរួមក្នុងកិច្ចការសង្គម តាមរយៈការចូលរួមការងារស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍សំខាន់ៗ ដែលអាចផ្ដល់ជាឱកាសឱ្យយុវជនបន្តរៀនសូត្រ និងដកស្រង់បទពិសោធន៍ក្នុងការរៀបចំកម្មវិធីសំខាន់ៗបន្ថែមទៀត ក្នុងក្របខណ្ឌក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃស.ស.យ.ក. បន្ថែមលើបេសកកម្មស្នូលរបស់ខ្លួនក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។
បើតាមឯកឧត្តម លី ណាវុឌ្ឍ សមាជិកគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្តស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សាឯកជន បានធ្វើរបាយការណ៍ អំពីសមិទ្ធផលសម្រេចបាន និងផែនការសកម្មភាពទៅអនាគតរបស់ ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យ រួមទាំងធ្វើការប្តេជ្ញាចិត្តធ្វើយ៉ាងណាឱ្យ សមាជិក សមាជិកា ទទួលបានឱកាសរៀនសូត្រដើម្បីក្រេបជញ្ជក់ចំណេះដឹង បទពិសោធន៍ល្អៗ តាមរយៈការចូលរួមស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍សង្គម ក៏ដូចជាការងារនានាដែលអាចចូលរួមបាន ដើម្បីចូលរួមចំណែកក្នុងសកម្មភាពជួយសង្គមតាមកាលៈទេសៈជាក់ស្តែង។
ថ្លែងទៅកាន់សមាជិក សមាជិកា ស.ស.យ.ក ប្រមាណ១.៦០០នាក់ ឯកឧត្តម ហ៊ុន ម៉ានី បានចែករំលែកជាមួយប្អូនៗ ដោយរំឭកអំពីបុព្វហេតុ ប្រវត្តិនៃការបង្កើតសហភាពសហព័ន្ធយុវជនកម្ពុជា និងអ្វីដែលសមាជិក សមាជិកាគ្រប់រូបត្រូវប្រកាន់ខ្ជាប់ក្នុងការចូលរួមជួយសង្គម ដែលត្រូវការចិត្ត ដែលប្រកបដោយឆន្ទៈ ស្មារតី ហ៊ានលៈបង់ពេលវេលា ដើម្បីចូលរួមចំណែកក្នុងសកម្មភាពជួយសង្គមជាតិ។ មិនខុសពីសព្វមួយដងក្រៅពីការចែករំលែកបទពិសោធន៍ និងផ្ដល់នូវអនុសាសន៍ដល់សមាជិកសមាជិកា ឯកឧត្តម បានផ្ដល់ជាឱកាសឱ្យប្អូនៗនិស្សិតទាំងអស់បានចូលរួមក្នុងវេទិការសំណួរ ចម្លើយបន្ថែមពីអ្វីដែលប្អូនៗទទួលបានពីមតិសំណេះសំណាលរបស់ឯកឧត្តមប្រធាន៕អត្ថបទ រដ្ឋា












