
យុវតីវ័យ ១៦ឆ្នាំម្នាក់ ត្រូវបានចាក់យ៉ាងកំរោល និងបណ្ដាលឲ្យស្លាប់ភ្លាមៗនៅតាមផ្លូវសាធារណៈដ៏មមាញឹកមួយក្នុងរដ្ឋធានីនៃប្រទេសឥណ្ឌាកាលពីថ្ងៃអាទិត្យ ដែលបង្កឱ្យមានការផ្ទុះកំហឹងជាថ្មីចំពោះសុវត្ថិភាពរបស់ស្ត្រីនៅក្នុងប្រទេសនេះ និងអំពើហឹង្សាដែលប្រព្រឹត្តឡើងដោយបុរស។
សាកសពជនរងគ្រោះ ដែលមិនត្រូវបានគេកំណត់អត្តសញ្ញាណ ត្រូវបានគេរកឃើញកាលពីល្ងាចថ្ងៃអាទិត្យ នៅក្នុងតំបន់ Shahbad Dairy នៃសង្កាត់ Rohini ក្នុងតំបន់រដ្ឋបាល Delhi ខាងជើង ជាទីដែលឧប្បត្តិហេតុបានកើតឡើង។
កាលពីរសៀលថ្ងៃច័ន្ទ នគរបាលឥណ្ឌា បាននិយាយថា ពួកគេបានចាប់ខ្លួនបុរសជនសង្ស័យម្នាក់ឈ្មោះ Sahil ពាក់ព័ន្ធនឹងករណីឃាតកម្មនេះ។ លោក Ravi Kumar Singh ស្នងការរងនគរបាលនៃតំបន់Delhiក្រៅ បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា ជនសង្ស័យ Sahil ដែលជាជាងជួសជុលម្នាក់ ត្រូវបានឃុំខ្លួននៅទីក្រុង Bulandshahr ក្នុងរដ្ឋ Uttar Pradesh ដែលនៅជិតខាង។
ឧក្រិដ្ឋកម្មប្រឆាំងនឹងស្ត្រីដែលកើតឡើងញឹកញាប់នៅក្នុងប្រទេសឥណ្ឌា ក៏ហាក់ដូចជាកំពុងកើនឡើងផងដែរ។ យោងតាមទិន្នន័យពីការិយាល័យកំហេតុឧក្រិដ្ឋកម្មជាតិរបស់ប្រទេសឥណ្ឌា ករណីឧក្រិដ្ឋកម្មប្រឆាំងនឹងស្ត្រីមានការកើនឡើង ២០% កាលឆ្នាំ២០២០ បើធៀបនឹងឆ្នាំ ២០១៣ ដែលជាឆ្នាំចុងក្រោយមុនពេលគណបក្ស Bharatiya Janata Party (BJP) កាន់អំណាច៕