កំពង់ធំ ៖ ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ជាថ្មីទៀតថា គណបក្សប្រជាជនកម្ពុជា មានគោលជំហរច្បាស់លាស់ដោយឥតងាករេ គឺបម្រើផលប្រយោជន៍ប្រទេសជាតិ និងប្រជាជនគ្រប់រូបគ្រប់កាលៈទេសៈទាំងអស់។
ថ្លែងនៅក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តមុនីរង្សី (ហៅវត្តថ្មី) ស្ថិតនៅភូមិស្នោ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងថា «តាំងពីដើមរៀងមក គណបក្សប្រជាជនកម្ពុជា មានជំហរ និងបុព្វហេតុច្បាស់លាស់ គឺ បម្រើជាតិ និងប្រជាជនឥតងាករេដាច់ខាត»។
ឯកឧត្តមបានបន្តថា គណបក្សប្រជាជនកម្ពុជា នឹងបន្តប្រកាន់ខ្ជាប់នូវជំហរ ៣ យ៉ាង ដែលជាមូលដ្ឋានសម្រាប់ដឹកនាំប្រទេសបន្តទៅមុខ៖ទី១. ជំហររឹងមាំក្នុងការដឹកនាំ ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាជនគ្រប់កាលៈទេសៈ និងការប្តេជ្ញាថែរក្សាសុខសន្តិភាព ស្ថិរភាពទោះក្នុងតម្លៃណាក៏ដោយ,ទី២.សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តដឹកនាំគណបក្ស និងនាវាកម្ពុជាឆ្ពោះទៅរកការរីកចម្រើនរុងរឿងបន្ថែមទៀត និងទី៣.ការបន្តថែរក្សានូវសាមគ្គីឯកភាពល្អជានិច្ចសម្រាប់ថ្នាក់ដឹកនាំបច្ចុប្បន្ន និងអនាគតដោយតម្កល់ផលប្រយោជន៍ជាតិជាគោល ហើយបន្តអនុវត្តតាមគោលនយោបាយរបស់គណបក្សជាប់ជានិច្ច។
ជាមួយគ្នានោះដែរ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរថា ជាមួយគ្នានេះ សូមថ្លែងអំណរគុណចំពោះបងប្អូនអ៊ំពូមីង និងលោកយាយលោកតាទាំងអស់ ដែលបានសម្រេចចិត្តចាប់យកឱកាស និងចូលរួមគាំទ្ររាជរដ្ឋាភិបាលក្នុងការបន្តដឹកនាំកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន ជាពិសេសបែងចែកផ្លែផ្កាប្រកបដោយសមធម៌។ ឈរលើមូលដ្ឋាននេះ សូមចងចាំថា ខ្មែរយើងរួមគ្នា ខ្មែរយើងខ្លាំង ហើយយើងនឹងអាចអភិវឌ្ឍប្រទេសជាតិឱ្យបានកាន់តែរឹងមាំ ជាពិសេសការថែរក្សាបាននូវសុខសន្តិភាពស្ថិរភាព ដែលជាលំនឹងយ៉ាងសំខាន់របស់សង្គមជាតិទាំងលើមាគ៌ាដឹកនាំ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ខ្មែររួមគ្នា ទើបយើងអាចមានសន្តិភាព និងមិនមានការបែកបាក់។ ខ្មែររួមគ្នា គឺមិនចូលរួមធ្វើសកម្មភាពអវិជ្ជមាន ដែលប៉ះពាល់ដល់សន្តិសុខ ស្ថិរភាព និងដំណើរការនៃការអភិវឌ្ឍជាតិ៕ ដោយ ៖ បាន ចក់




















