
ច្បាប់សម្រាប់ធ្វើប្រជាមតិដើម្បីទទួលស្គាល់ជនជាតិដើមភាគតិចរបស់ប្រទេសអូស្ត្រាលីនៅក្នុងរដ្ឋធម្មនុញ្ញ បានឆ្លងផុតឧបសគ្គសភាលើកដំបូងនៅថ្ងៃពុធ (៣១ ឧសភា)នេះ ខណៈដែលសំណើច្បាប់នោះត្រូវបានអនុម័តនៅក្នុងសភាតំណាងរាស្ត្រ។
ប្រជាជនអូស្ត្រាលីនឹងត្រូវបានស្នើឱ្យបោះឆ្នោតនៅក្នុងប្រជាមតិដែលទំនងជានឹងធ្វើឡើងនៅចន្លោះខែតុលា និងខែធ្នូ ថាតើពួកគេគាំទ្រការកែប្រែរដ្ឋធម្មនុញ្ញដើម្បីរួមបញ្ចូល "សំឡេងទៅសភា" ជាគណៈកម្មាធិការដែលអាចផ្តល់យោបល់ដល់សភាអំពីបញ្ហាដែលប៉ះពាល់ដល់ជនជាតិដើមភាគតិច និងប្រជាជនដែលរស់នៅតាមតំបន់កោះ។
នៅក្នុងការបោះឆ្នោតចុងក្រោយនៅក្នុងសភាជាន់ទាប សមាជិកសភាចំនួន ១២១រូប បានបោះឆ្នោតគាំទ្រសេចក្តីស្នើច្បាប់នេះ ដែលហៅថា សំណើច្បាប់កែប្រែរដ្ឋធម្មនុញ្ញ ខណៈសមាជិកសភា ២៥រូប បានបោះឆ្នោតប្រឆាំង ដែលរួមមានសមាជិកមកពីគណបក្សជាតិ និងគណបក្សសេរីនិយម ដែលជាគណបក្សប្រឆាំងដ៏ធំរបស់ប្រទេសនេះ។
បណ្ដាសមាជិកសភាបានទះដៃ និងអបអរសាទរ ខណៈដែលចំនួនចុងក្រោយនៃការបោះឆ្នោតត្រូវបានប្រកាស។ សេចក្ដីស្នើច្បាប់នេះនឹងនៅតែត្រូវឆ្លងកាត់ព្រឹទ្ធសភានៅខែក្រោយ បន្ទាប់ពីនោះរដ្ឋាភិបាលកំណត់កាលបរិច្ឆេទសម្រាប់ការបោះឆ្នោត៕
