ភ្នំពេញ៖ នៅសល់តែ ២ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា ។ ចំណែកកីឡាករ-កីឡាការិនី ក៏បានត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រកួតកីឡាជនពិការប្រចាំតំបន់នេះដែរ ជាក់ស្ដែងកីឡាករ-កីឡាការិនីបាល់បោះជិះរទេះជនពិការ បានប្ដេជ្ញានឹងធ្វើឲ្យបានល្អបំផុត ក្នុងនាមម្ចាស់ផ្ទះ ។

កីឡាការិនី ស៊ឹម ដា សមាជិកក្រុមបាល់បោះជិះរទេះកម្ពុជាថា ក្នុងនាមក្រុមការពារមេដាយមាសលើវិញ្ញាសា ៣ ទល់ ៣ នឹងព្យាយាមរក្សាឲ្យបាន ហើយខំប្រឹងដើម្បីដណ្ដើមមេដាយមាសលើវិញ្ញាសាក្រុម ៥នាក់ ទល់ ៥នាក់បន្ថែមទៀត ។
ដោយឡែកកីឡាករបាល់បោះជិះរទេះ សែម គឹមសួរ បានឡើងថា ទោះបីជាក្រុមក្មេងខ្ចីមួយក្នុងតំបន់ តែបើធៀបកាលពីអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅឥណ្ឌូនេស៊ី គឺក្រុមខ្លួនមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយក៏រំពឹងថា នឹងសម្រេចបានលទ្ធផលកាន់តែប្រសើរជាងមុនផងដែរ ។

សូមបញ្ជាក់ថា ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងចាប់ផ្ដើមពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ ។ ចំពោះការប្រកួតមានកីឡា ១៣ប្រភេទ និងកីឡាសម្ដែង ១ប្រភេទ គ្រាដែលកីឡាបាល់បោះ នឹងធ្វើការប្រកួតពីថ្ងៃទី០៣ រហូតដល់ថ្ងៃទី០៧ ខែមិថុនាខាងមុខ នៅមជ្ឈមណ្ឌលកីឡាក្នុងសាល នៃពហុកីឡដ្ឋានជាតិមរតកតេជោ ៕ អត្ថបទ៖ លី ឈុនឡា