ឧត្តរមានជ័យ៖ នៅថ្ងៃទី១មិថុនាឆ្នាំ២០២៣ មន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ ចាប់ផ្តើមរក្សាប្រភពទឹកទុក នៅតាមអាងស្តុបទឹកនានាមួយចំនួន ដើម្បីផ្គត់ផ្គង់ទឹកសម្រាប់ប្រជាកសិករធ្វើស្រែ ចំការ និងបង្ការការខ្វះខាតប្រភពទឹក។
លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ដោយសារស្ថានភាពអាកាសធាតុមានការប្រែប្រួលមិនទាងទាត់ធ្វើឲ្យបរិមាណទឹកភ្លៀងមានភ្លៀងធ្លាក់មិនទាងទាត់ផងដែរនោះ មន្រ្តីយើងបានរក្សាប្រភពទឹកនៅតាមបណ្តាលអាងស្តុបទឹកនានា ដើម្បីទុកប្រភពទឹកផ្គត់ផ្គង់សម្រាប់ប្រជាពលរដ្ឋធ្វើការស្រោចស្រពដំណាំ ស្រែចំការ ខណៈកូនរដូវប្រាំង និងបានមកដល់នៅពេលខាងមុខ ។
លោកប្រធាន បានបន្តទៀតថា បច្ចុប្បន្ននេះ នៅតាមបណ្តាលអាងស្តុបទឹកតូចធំនានា ទាំង៨២អាងស្តុបទឹក ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ អាចមានបរិមាណទឹកប្រើប្រាស់ផ្គត់ផ្គង់បានគ្រប់គ្រាន់សម្រាប់ជួយដល់កសិករធ្វើស្រែ បានជាង៤ម៉ឺនហិកតាសម្រាប់កូនរដូវប្រាំង។ប៉ុន្តែទោះបីជានៅក្នុងអាងស្តុបប្រភពទឹក មានបរិមាណទឹកគ្រប់គ្រាន់យ៉ាងណាក្តី ក៏មន្រ្តីយើងនៅតែមានការប្រុងប្រយ័ត្នទុកជាប់ជានិច្ច ដើម្បីរក្សាប្រភពទឹកទុកដល់ការស្រោចស្រពផលដំណាំ កសិកម្ម ស្រូវ នៅកូនរដូវប្រាំងរបស់បងប្អូនកុំឲ្យមានការខ្វះខាតផងដែរ។
លោក បន្ដថា ក្នុងនោះ យើងអាចជួយផ្គត់ផ្គង់ប្រភពទឹកជួយដល់ខេត្តជាប់ព្រំប្រទល់ស្រុកមួយចំនួនរួមមាន៖ ស្រុកស្រីស្នំ ស្រុកក្រឡាញ់ ខេត្តសៀមរាប និងស្រុកថ្មពួក ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ផងដែរ៕





