ភ្នំពេញ៖ ផលិតផលជលផលធម្មជាតិ ចំនួន១២ប្រភេទ ទទួលបានការអនុញ្ញាតពីរដ្ឋបាលគយ នៃប្រទេសចិន និងអាចនាំចេញទៅទីផ្សារប្រទេសចិននាពេលខាងមុខ។
យោងតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា ក្រុមហ៊ុននាំចេញផលិតផលជលផលធម្មជាតិដំបូងគេ នៅក្នុងប្រទេសកម្ពុជា បានបញ្ចប់ការត្រួតពិនិត្យ និងត្រូវបានអនុញ្ញាតដោយរដ្ឋបាលគយ ហើយក្រុមហ៊ុន បានចុះបញ្ជីដោយជោគជ័យ នៅក្នុងប្រព័ន្ធ "ព័ត៌មានចុះបញ្ជីក្រុមហ៊ុនផលិតអាហារនាំចូលពីបរទេស"។
ក្រុមហ៊ុនដែលទទួលបានការអនុញ្ញាត និងចុះបញ្ជីនាំចេញផលិតផលជលផលធម្មជាតិទៅកាន់ប្រទេសចិនគឺ៖ ក្រុមហ៊ុន KIM CHOU Co., Ltd. Import Export and International Transportation ដែលអាចនាំចេញផលិតផលជលផលធម្មជាតិសំខាន់ៗចំនួន១២ប្រភេទមានដូចជា បង្គា ត្រី អន្ទង់ និងខ្យងជាដើម។
គួររំឭកដែលថា នាខែវិច្ឆិកាឆ្នាំ២០២២ ចិននិងកម្ពុជាបានចុះហត្ថលេខារួមគ្នា លើពិធីសារស្តីពីលក្ខខណ្ឌ តម្រូវការត្រួតពិនិត្យ និងអនាម័យផលិតផលជលផលធម្មជាតិក្នុងការនាំចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន ។
ផលិតផលជលផលធម្មជាតិបានក្លាយជាផលិតផលប្រភេទទី២ នៃវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិន ក្នុងឆ្នាំ២០២៣នេះ៕ អត្ថបទ៖ វណ្ណៈ
