ភ្នំពេញ៖ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងថា កម្ពុជាបានបង្កើតច្បាប់ និងដាក់ចេញនូវវិធានការនានា ដើម្បីការពារកុមារ រួមទាំងផ្ដល់នូវការយកចិត្តទុកដាក់ និងផលប្រយោជន៍ជាច្រើនដល់ពួកគេ ព្រោះនេះជាការងារអាទិភាព ហើយកុមារជាអ្នកបន្តវេនរបស់ជាតិ ។
ក្នុងឱកាសអបអរសាទរ ខួបលើកទី៧៤ ទិវាកុមារអន្តជាតិ ១មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៣ និងខួបលើកទី២១ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២ មិថុនា នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានប្ដេជ្ញាចិត្តយ៉ាងមោះមុតក្នុងការពន្លឿន ដំណើរការកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ឱ្យមានលក្ខណៈស្រប តាមស្តង់ដារជាតិ អន្តរជាតិ ពិសេសសំដៅលើកស្ទួយការគោរពសិទ្ធិជាមូលដ្ឋានរបស់កុមារ ។
សម្ដេច បានបន្តថា តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ កម្ពុជាសម្រេចបានការងារជាច្រើនលើវិស័យកុមារ រួមមាន៖ ច្បាប់ស្ដីពីយុត្តិធម៌អនីតិជន បានរៀបចំឡើងក្នុងគោលបំណងឆ្លើយតបនឹងស្ថានភាពវិវឌ្ឍន៍ជាក់ស្តែងរបស់កម្ពុជា ដែលតម្រូវឱ្យមានច្បាប់ពិសេស ដើម្បីកំណត់នូវនីតិវិធីកុមារមេត្រី និងអនុវត្តចំពោះអនីតិជនដែលប្រព្រឹត្តបទល្មើស តាមរយៈការស្តារនីតិសម្បទា សំដៅបង្វែរ និងសមាហរណកម្ម ទៅក្នុងសហគមន៍វិញ ប្រសើរជាងការដាក់អនីតិជនក្នុងពន្ធនាគារ ។
ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានប្រសាសន៍ថា ទិសដៅបង្ហាញពីការយកចិត្តទុកដាក់ដល់កុមា រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់មួយចំនួន នៅក្នុងដំណាក់កាល នៃការកើតមាននូវវិបត្តិផ្សេងៗ ពិសេសជំងឺកូវីដ-១៩ ។
ឯកឧត្តម បានបន្តថា ក្នុងនោះកម្មវីធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ, កម្មវីធីឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩, ជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ សម្រាប់ពលរដ្ឋមានការលំបាកផ្នែកជីវភាព, កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសាររងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធរពីគ្រោះទឹកជំនន់ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ៕អត្ថបទ៖ បាន សុខរិទ្ធិ
