នេប៉ាល់៖ មន្រ្តីរដ្ឋាភិបាល និយាយកាលពីថ្ងៃពុធថា អ្នកឡើងភ្នំម៉ាឡេស៊ីម្នាក់ ត្រូវបានជួយសង្រ្គោះអាយុជីវិត ក្រោយអ្នកមគ្គុទេសក៍ជនជាតិនេប៉ាល់ បានអូសគាត់ចុះពីតំបន់ក្បែរកំពូលភ្នំ Everest ដែលជាប្រតិបត្តិការជួយសង្រ្គោះលើរយៈកម្ពស់ខ្ពស់ដ៏កម្រមួយ ។

លោក Gelje Sherpa វ័យ ៣០ឆ្នាំ បាននាំភ្ញៀវជនជាតិចិនម្នាក់ទៅកាន់កំពូលភ្នំ Everest ដែលមានកម្ពស់ ៨.៨៤៩ម៉ែត្រ កាលពីថ្ងៃទី ១៨ ខែឧសភា ពេលដែលលោកបានឃើញអ្នកឡើងភ្នំជនជាតិម៉ាឡេស៊ី តោងឡើងតាមខ្សែពួរ និងញ័រខ្លួនប្រាណដោយសារអាកាសធាតុត្រជាក់ខ្លាំង នៅតំបន់មរណៈ ជាកន្លែងដែលសីតុណ្ហភាពអាចធ្លាក់ចុះរហូតដល់ ដក ៣០អង្សាសេ ។
លោក Gelje បានអូសអ្នកឡើងភ្នំម្នាក់នេះចុះ ចម្ងាយ ៦០០ម៉ែត្រ ពីតំបន់ Balconyទៅកាន់តំបន់ South Colដោយប្រើរយៈពេលប្រហែល ៦ម៉ោង ជាកន្លែងដែលលោក Nima Tahi Sherpaគឺជាអ្នកមគ្គុទេសក៍ម្នាក់ទៀត ចូលរួមប្រតិបត្តិការជួយសង្រ្គោះ ។

ក្រោយមក ឧទ្ធម្ភាគចក្រ បានប្រើខ្សែលើកគាត់ពីជំរំ Camp III ស្ថិតលើរយៈកម្ពស់ ៧.១៦២ម៉ែត្រ រួចដឹកបញ្ជូនទៅកាន់ជំរំមូលដ្ឋាន ។
លោក Bigyan Koirala គឺជាមន្រ្តីក្រសួងទេសចរណ៍នេប៉ាល់ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា វាគឺជារឿងដែលស្ទើតែពុំអាចទៅរួចក្នុងការជួយសង្រ្គោះអ្នកឡើងភ្នំនៅលើរយៈកម្ពស់ខ្ពស់បែបនេះ ។ វាគឹជាប្រតិបត្តិការដ៏កម្រមួយ ៕