អាមេរិក ៖ នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin បានចាត់ទុកកូរ៉េខាងជើងថាជាប្រទេសដ៏គ្រោះថ្នាក់ និងធ្វើឲ្យមានអស្ថិរភាពនៅក្នុងតំបន់ ហើយលោកនិយាយថា សហរដ្ឋអាមេរិក នឹងធ្វើអ្វីៗគ្រប់បែបយ៉ាងដែលចាំបាច់ដើម្បីការពារខ្លួនឯង និងសម្ព័ន្ធមិត្តរបស់ពួកគេ ។
លោក Austin បានថ្លែងបែបនេះ អំឡុងសន្តិសីទសារព័ត៌មានរួមគ្នានៅក្នុងទីក្រុងតូក្យូជាមួយសមភាគីជប៉ុនលោក Yasukazu Hamada បន្ទាប់ពីទីក្រុងព្យុងយ៉ាង បាញ់បង្ហោះពុំបានជោគជ័យនូវផ្កាយរណបចារកម្មកាលពីរយៈពេល ១ថ្ងៃមុន ជាហេតុបង្ខំឲ្យមានការប្រកាសអាសន្នបន្ទាន់នៅតាមតំបន់មួយចំនួននៅក្នុងប្រទេសជប៉ុន និងកូរ៉េខាងត្បូង ។
លោក Austin និយាយថា ពួកយើងឈរខាងសម្ព័ន្ធមិត្តជប៉ុន និងកូរ៉េខាងត្បូងរបស់ពួកយើង ដើម្បីប្រឈមនឹងទង្វើបង្ករឿងឥតឈររបស់កូរ៉េខាងជើង ដែលរួមទាំងការបាញ់ផ្កាយរណបទៅកាន់ទីអវកាសកាលពីថ្ងៃម្សិលមិញ ។
លោកបន្តថា វាគឺជារឿងអកុសលដែលសមភាគីចិនរបស់លោក បដិសេធន៍ពុំព្រមជួបលោកនៅក្នុងប្រទេសសិង្ហបុរី នៅចុងសប្តាហ៍នេះ ហើយលោកនិយាយថា លោកនឹងស្វាគមន៍រាល់ឱកាសណាមួយដើម្បីចូលរួមពិភាក្សាការងារ ក្រោយការរិះគន់សកម្មភាពកាលពីពេលថ្មីៗរបស់ចិន នៅដែនអាកាសអន្តរជាតិ និងដែនសមុទ្រ ។
លោក Austin កំពុងបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន មុនពេលធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី សម្រាប់កិច្ចសន្ទនាវិស័យការពារជាតិ Shangri-La នៅចុងក្នុងសប្តាហ៍នេះ ៕

