ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានរំលឹកអំពីបទពិសោធន៍ការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ នាពេលកន្លង ដែលប្រទស កម្ពុជាត្រូវបានពិភពលោកប្រសិទ្ធនាមថា "កម្ពុជាជាប្រទេសតូចមានបេះដូងធំទូលាយ” ដោយបានគ្រប់គ្រង ឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩ ដោយជោគជ័យ ។
ការថ្លែងរបស់ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង យ៉ាងដូច្នេះក្នុងពិធីប្រគល់ប័ណ្ណសរសើររបស់រាជរដ្ឋាភិបាលជូនថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ដែលបានរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-19 ចំនួន៨០០នាក់ នារសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣នេះ។
ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តថា ភាពជោគជ័យ គឺពិតជាមានមោទនៈភាពចំពោះការខិតខំប្រឹងប្រែងដ៏ អស្ចារ្យរបស់សង្គមជាតិទាំងមូល ដែលសមិទ្ធផលគួរឱ្យកត់សម្គាល់នេះកើតឡើង ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត និងការចង្អុលបង្ហាញផ្ទាល់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការប្រើប្រាស់កំលាំងសរុបរបស់ជាតិ នោះគឺការបង្កើត គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាយន្តការដឹកនាំ និងគាំទ្រដោយគណៈកម្មការ ចំនួន៤ រួមមាន៖ (១) គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ គ្រប់គ្រងអនុគណៈកម្មការចំណុះចំនួន១១ (២) គណៈកម្មការចំពោះកិច្ចទទួលបន្ទុកលទ្ធកម្មវ៉ាក់សាំងកូវីដ-១៩ (៣) គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និង (៤) ២៥ គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ រាជធានី-ខេត្ត។ លើសពីនេះទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្រចំនួន៦ គឺ៖ ១) បន្តទប់ស្កាត់ការនាំចូលវីរុស បំប្លែងថ្មី ២) កាត់បន្ថយទំហំដែលឆ្លង និងតំបន់ដែលឆ្លង ៣) ខិតខំរកវិធីព្យាបាលឱ្យឆាប់ជា ៤) រុករក និងគ្រប់គ្រង ៥) ការចាត់ចែងនិងគ្រប់គ្រងសាកសព និង៦) យុទ្ធនាការចាក់វ៉ាក់សាំង តាមអភិក្រមផ្ការីកដែលកម្ពុជាអាចបើកដំណើរការឡើងវិញទាំងសកម្មភាពសេដ្ឋកិច្ច និងសង្គមតាំងពីខែវិច្ឆិកា ឆ្នាំ២០២១។ មេរៀនបទពិសោធន៍ទាំងអស់នេះ អាចឱ្យយើងយកឈ្នះលើសមរភូមិកូវីដ-១៩ តែរាជរដ្ឋាភិបាលនៅតែបន្តតាមដានដោយយកចិត្ត ទុកដាក់ព្រោះសង្គ្រាមកូវីដ-១៩ មិនទាន់ចប់នៅឡើយ។
ឯកឧត្តមសាស្រ្តាចា្យ ម៉ម ប៊ុនហេង បានគូសបញ្ជាក់ថា សមិទ្ធផលដ៏ធំធេងនេះ កើតចេញពីការដឹកនាំប្រកបដោយស្មារតី បុរេសកម្ម ចក្ខុវិស័យវែងឆ្ងាយ ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសការរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម ការគ្រប់គ្រងបានជំងឺកូវីដ-១៩ ការរក្សាកំណើនសេដ្ឋកិច្ច និងលំនឹងជីវភាពប្រជាជនការលើកកម្ពស់កិត្យានុភាពកម្ពុជា នៅលើឆាកតំបន់ និងអន្តរជាតិ តាមរយៈនយោបាយការបរទេស ឯករាជ្យដោយផ្អែកលើច្បាប់។ ថ្មីៗនេះ ព្រះរាជាណាចក្រកម្ពុជាបានរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ក្នុងបរិយាកាសមហោឡារិក អធឹកអធម ល្បីខ្ទរខ្ទាទូទាំងព្រះរាជាណាចក្រ កម្ពុជា ក្នុងតំបន់និងនៅលើសកលលោក។ ដូច្នេះតម្លៃសន្តិភាព ដែលកម្ពុជាកំពុងតែមាន និងខិតខំថែរក្សានៅពេលនេះ គឺពិតជាកត្តាសំខាន់បំផុត ដែលបងប្អូនជនរួមជាតិកម្ពុជាទាំងអស់ ត្រូវតែចងចាំជានិច្ច និងចូលរួមថែរក្សាការពារសន្តិភាពនេះឱ្យឋិតថេរជាអមតៈ។
ឯកឧត្តមអភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ចាប់តាំងពីរកឃើញករណីវិជ្ជមានវីរុស កូវីដ-១៩ ដំបូង រហូតមកដល់ពេលបច្ចុប្បន្ននេះ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើប្រតិបត្តិការឆ្លើយតបនឹងជំងឺកូវីដ-១៩ ដោយចាត់តាំងក្រុមគ្រូពេទ្យប្រចាំការនៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព សម្រាប់ត្រួតពិនិត្យសុខភាព និងតាមដានរោគសញ្ញាអ្នកសង្ស័យជំងឺកូវីដ-១៩ ព្រមទាំងរៀបចំក្រុមគ្រូពេទ្យផ្តល់សេវា ត្រួតពិនិត្យសុខភាពលើអ្នកដំណើរ/អ្នកសង្ស័យកូវីដ-១៩ និងប្រចាំការនៅតាមមជ្ឈមណ្ឌលចត្តាឡីស័ក (QC) និងមណ្ឌលពិនិត្យ និងព្យាបាលជំងឺ (TC) ដោយចាត់វិធានការអនុវត្តនានា៖ ១) តាមដានស្ថានភាពនៃជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក និងនៅប្រទេសកម្ពុជា ២) ការប្រមូលទិន្នន័យនិងការស្វែងរកករណីកូវីដ-១៩ បែបអកម្ម និងសកម្មនៃការតាមដានជំងឺកូវីដ-១៩៣) វិធីសាស្ត្រស្វែងរកអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ ៤) ការប្រមូលវត្ថុវិភាគការវេចខ្ចប់ និងការដឹកជញ្ជូនវត្ថុវិភាគ និងការប្រើប្រាស់សំភារៈការពារខ្លួន ៥) ការធ្វើចត្តាឡីស័ក ៦) ការថែទាំ និងព្យាបាលជាមូលដ្ឋាននៃជំងឺកូវីដ-១៩ ៧) ការប្រាស្រ័យទាក់ទងហានិភ័យនិង ការចូលរួមពីសហគមន៍ ៨) យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩៕ អត្ថបទ៖ រដ្ឋា




















