
នៅថ្ងៃព្រហស្បតិ៍ (៣១ មិថុនា)នេះ រដ្ឋមន្ត្រីមហាផ្ទៃឥណ្ឌា លោក Amit Shah បានប្រកាសពីការស៊ើបអង្កេតផ្នែកតុលាការ ដែលដឹកនាំដោយចៅក្រមចូលនិវត្តន៍ម្នាក់ ចំពោះអំពើហិង្សាជនជាតិភាគតិច ដែលបានរង្គោះង្គើរដ្ឋម៉ានីពួរ ភាគឦសានប្រទេសឥណ្ឌា និងបណ្ដាលឱ្យមនុស្សស្លាប់ជាង ៦០នាក់។
រដ្ឋជាប់ព្រំដែនមីយ៉ាន់ម៉ាមួយនេះ បានទទួលរងភាពតានតឹងកាន់តែខ្លាំងឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ជាមួយនឹងកុបកម្ម និងការប៉ះទង្គិចជនជាតិភាគតិច ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦០នាក់ និង មនុស្ស ៣៥.០០០ បានភៀសខ្លួនចេញ។
អំពើហឹង្សាបានចាប់ផ្តើមកាលពីថ្ងៃទី ៣ ខែឧសភា នៅពេលដែលក្រុមកុលសម្ព័ន្ធបានប៉ះទង្គិចជាមួយជនជាតិភាគតិច Meitei ដែលជាក្រុមមិនមែនកុលសម្ព័ន្ធ ជុំវិញបញ្ហាផលប្រយោជន៍សេដ្ឋកិច្ច និងទឹកដីដែលបានផ្តល់ឱ្យកុលសម្ព័ន្ធ។
លោក Shah ដែលកំពុងបំពេញទស្សនកិច្ចរយៈពេលបួនថ្ងៃបាននិយាយថា លោកទទួលបានការធានាអះអាងវិជ្ជមានពីសហគមន៍ទាំងពីរទាក់ទងនឹងដំណើរការសន្តិភាព។
លោកក៏បាននិយាយផងដែរថា នគរបាលនឹងចាប់ផ្តើមប្រតិបត្តិការស្រាវជ្រាវនៅតំបន់រងគ្រោះដោយអំពើហិង្សាក្នុងរដ្ឋនេះ ហើយប្រកាសផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៥០០.០០០ រូពីដល់ញាតិសន្តានជនរងគ្រោះដែលបានបាត់បង់ជីវិតពីរដ្ឋាភិបាលសហព័ន្ធនិងរដ្ឋរៀងៗខ្លួន។
រដ្ឋម៉ានីពួរ មានកំណាត់ព្រំដែនជិត ៤០០ គីឡូម៉ែត្រ (២០០ ម៉ាយ) ជាប់ជាមួយសហភាពមីយ៉ាន់ម៉ា ជាទីដែលរដ្ឋប្រហារឆ្នាំ ២០២១ កើតឡើងហើយបាននាំឱ្យជនភៀសខ្លួនរាប់ពាន់នាក់ឆ្លងចូលទៅក្នុងរដ្ឋនៃប្រទេសឥណ្ឌាមួយនេះ៕