សេណេហ្គាល់៖ មនុស្ស ៩នាក់ បានបាត់បង់ជីវិតនៅប្រទេសសេណេហ្គាល់ កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងការប៉ះទង្គិចគ្នា រវាងនគរបាលបង្រ្កាបកុបកម្ម និងអ្នកគាំទ្រមេដឹកនាំប្រឆាំងលោក Ousmane Sonko បន្ទាប់ពីតុលាការ បានកាត់ទោសមេដឹកនាំរូបនេះឲ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ដោយការកាត់ទោសនេះ បាននាំឲ្យមានមន្ទិលសង្ស័យយ៉ាងខ្លាំង ចំពោះឱកាសរបស់លោក ក្នុងការឈរឈ្មោះប្រជែងតំណែងប្រធានាធិបតី នៅឆ្នាំក្រោយ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Antoine Felix Abdoulaye Diome បាននិយាយតាមទូរទស្សន៍រដ្ឋ នៅព្រឹកថ្ងៃសុក្រនេះថា ការស្លាប់នេះ បានកើតឡើងបន្ទាប់ពីការតវ៉ាផ្ទុះឡើង នៅផ្នែកខ្លះនៃរដ្ឋធានីដាកា (Dakar) និងទីក្រុងដទៃទៀត ដោយលោកបានថ្លែងថា៖ «យើងបានសង្កេតឃើញមាននូវអំពើហិង្សាដ៏គួរឲ្យសោកស្ដាយ ដែលបាននាំឲ្យមានការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឯកជន ហើយរឹតតែគួរឲ្យសោកស្ដាយទៀតនោះ មានមនុស្សស្លាប់ ៩នាក់ នៅក្នុងទីក្រុង Dakar និង Ziguinchor»។

ការប៉ះទង្គិចគ្នានេះ បានកើតឡើងពីក្រុមយុវជនវាយប្រហារដោយដុំថ្មលើនគរបាលដែលមានឯកសណ្ឋាន និងឧបករណ៍ទប់ស្កាត់កុបកម្ម ហើយក្រុមនគរបាលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកតបវិញ។ រថយន្តក្រុងជាច្រើនគ្រឿងមកពីមហាវិទ្យាល័យវេជ្ជសាស្ត្រ ដេប៉ាតេម៉ង់ប្រវត្តិសាស្រ្ត និងសាលាវិជ្ជាជីវៈសារព័ត៌មានឈានមុខគេរបស់ប្រទេស ត្រូវបានដុតបំផ្លាញ ហើយការិយាល័យត្រូវបានចូលរុករើ ខណៈសាលារៀននានា ត្រូវបានប្រាប់ឲ្យផ្អាក រហូតដល់មានការជូនដំណឹងថ្មី។

អំពើហិង្សានេះ កើតឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីមានការសម្រេចក្ដីរបស់តុលាការព្រហ្មទណ្ឌក្រុងដាកា ប្រឆាំងនឹងលោក Sonko។ ក្ដីក្ដាំ ដែលមានរយៈពេលពីរឆ្នាំនេះ បានធ្វើឲ្យរដ្ឋនៅអាហ្វ្រិកខាងលិចមួយនេះបែកបាក់យ៉ាងខ្លាំង ដោយបង្កឲ្យមានការប៉ះទង្គិចគ្នាយូរៗម្ដង រហូតដល់មានបាត់បង់ជីវិត ដែលធ្វើឲ្យប៉ះពាល់ដល់មុខមាត់នៃស្ថិរភាពរបស់ប្រទេស។
តុលាការបានកាត់ទោសលោក Sonko ដែលជាគូប្រជែងដ៏ស្វិតស្វាញបំផុតរបស់លោកប្រធានាធិបតី Macky Sall ពីបទ «បំផ្លាញសុចរិតភាព» ដែលរួមមានការលើកទឹកចិត្តឲ្យមាន «ការប្រព្រឹត្តអបាយមុខ» របស់យុវជន អាយុក្រោម ២១ឆ្នាំ។ រូបលោកបានអវត្តមាន នៅពេលដែលសេចក្តីសម្រេច ត្រូវបានប្រកាសជាសាធារណៈ កាលពីថ្ងៃព្រហស្បតិ៍ ហើយលោកក៏មិនបានចូលរួមក្នុងសវនាការនោះដែរ។
លោក Sonko ត្រូវបានគេសន្មត់ថា ស្ថិតក្នុងគេហដ្ឋានរបស់លោក នៅក្រុងដាកា ជាកន្លែង ដែលគាត់ត្រូវបានឡោមព័ទ្ធដោយកងកម្លាំងសន្តិសុខ បន្ទាប់ពីត្រូវបានឃុំខ្លួនកាលពីចុងសប្តាហ៍៕