ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ស្ថានភាពទីផ្សារការងារនៅកម្ពុជាមានភាពរឹងមាំ ដោយរក្សាបាននូវអត្រាមានការងារធ្វើខ្ពស់ប្រមាណ ៩៩,៣% នៃកម្លាំងពលកម្មសរុប ហើយការងារដែលបានបង្កើតនាពេលបច្ចុប្បន្ននេះ ជាការងារក្នុងវិស័យ ឧស្សាហកម្ម បែបទំនើប មានតម្លៃបន្ថែម និងផលិតភាពខ្ពស់ តម្រូវការប្រើប្រាស់កម្លាំងពលកម្មមានជំនាញជាងមុន លក្ខខណ្ឌ ការងារល្អ និងទទួលបានប្រាក់ចំណូលកាន់តែប្រសើរជាងមុន។
ក្នុងបាឋកថាប្រធានបទស្តីពី «ទីផ្សារការងារ និងការអភិវឌ្ឍសេដ្ឋកិច្ច» កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣នេះ នៅសាលាភូមិន្ទរដ្ឋបាល ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រសួងការងារបាន យកចិត្តទុកដាក់ ខ្ពស់ក្នុង ការអភិវឌ្ឍទីផ្សារការងារ ដើម្បីឱ្យឆ្លើយតបនឹងបម្រែបម្រួលរចនាសម្ពន្ធសេដ្ឋកិច្ច-សង្គម និងបច្ចេកវិទ្យា ក៏ដូចជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងពង្រឹងសុខុមាលភាពសង្គម តាមរយៈការចូលរួមយ៉ាងសកម្មក្នុង ការ អនុវត្ត យុទ្ធសាស្ត្រ និងគោលនយោបាយជាតិសំខាន់ៗមួយចំនួន ដែលរាជរដ្ឋាភិបាលបានដាក់ចេញ។
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង លើកឡើងបន្តថា ក្រសួងបានបន្តបង្កើនឱកាសការងារក្នុងប្រទេស តាមរយៈទីភ្នាក់ងារ ជាតិមុខរបរ និងការងារ (NEA) ដោយបានផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ ពង្រីកការផ្តល់ប្រឹក្សាយោបល់ និង មគ្គុទេសក៍ការងារ, រៀបចំវេទិការការងារ និងបណ្តុះបណ្តាលជំនាញត្រៀមចូលទីផ្សារការងារជាដើម ហើយប្រជាជន ក៏មានជម្រើសក្នុងការស្វែងរកឱកាសការងារក្រៅប្រទេសស្របច្បាប់ ដែលមានលក្ខខណ្ឌការងារល្អ និងប្រាក់ ចំណូលខ្ពស់ផងដែរ។ក្រៅពីនេះ ក្រសួងនៅតែបន្តលើកកម្ពស់សុវត្ថិភាពការងារ និងសុខភាពកម្មករនិយោជិត តាមរយៈការរៀបចំច្បាប់ ការកែលម្អគុណភាពមធ្យោបាយដឹកជញ្ជូនឱ្យកាន់តែមានសុវត្ថិភាព និងតាមស្តង់ដារ បច្ចេកទេស ជំរុញការចូលរួមរបស់និយោជកក្នុងការគាំទ្រដល់ទារកដ្ឋានសហគមន៍ ដែលនៅក្បែរតំបន់ រោងចក្រ ជាដើម។
ឯកឧត្តមបណ្ឌិត បានបន្ថែមទៀតថា ចំពោះវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ក្រសួងបាន អនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញ និងខិតខំអនុវត្តកម្មវិធីនេះដោយមានភាពបទបែន ក្នុងគោលបំណង បង្កើនមូលធនមនុស្ស និងកម្លាំងពលកម្មជំនាញឱ្យបានកាន់តែច្រើន ដើម្បីអាចឆ្លើយតប នឹងតម្រូវការទីផ្សារការងារ បច្ចុប្បន្ន និងអនាគត។ លើសពីនេះ ក្រសួងនឹងចូលរួមជាមួយក្រសួង-ស្ថាប័នផ្សេងទៀតដើម្បី បណ្តុះបណ្តាល ជំនាញដល់យុវជនចំនួន ១,៥លាននាក់ ដោយមិនគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភ ក្នុងអំឡុងពេលបណ្តុះបណ្តាល ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី៕ ដោយ ៖ បូរ៉ាវី





