អាមេរិក ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានទាក់ជើងដួលក្រោយប្រគល់សញ្ញាប័ត្រចុងក្រោយនៅក្នុងពិធីបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាកងទ័ពអាកាសសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែលោកបានក្រោកឈរដើរដូចធម្មតាវិញទៅកាន់កៅអីរបស់លោក ។
ពេលធ្វើដំណើរមកដល់សេតវិមាន លោក Biden និយាយលេងពីការទាក់ជើងដួលលើវេទិកា ។ លោក Biden និយាយថា លោកជំពប់បាវខ្សាច់ ។
គួរឲ្យដឹងថា ប្រធានធិបតីសហរដ្ឋអាមេរិកវ័យ ៨០ឆ្នាំរូបនេះ បានដួលដោយខ្លួនឯង និងបានក្រោកឈរដោយប្រើជង្គង់ និងមានមនុស្ស ៣នាក់ជួយលោក ។ លោកបានដើរទៅកាន់កៅអីរបស់លោកវិញ ដោយគ្មានអ្នកជួយនោះទេ ។
ក្រោយពេលលោក Biden ត្រូវបានគេជួយ លោកបានចង្អុរក្រោយខ្នងលោក ទំនងជាចង់ប្រាប់ថាមានអ្វីមួយធ្វើឲ្យលោកទាក់ជើងដួល ។ ក្រោយមក លោកបាននិយាយលេងជាមួយក្រុមមន្រ្តី ញញឹម និងផ្តល់សញ្ញាមេដៃ ។
លោក Ben LaBolt គឺជាប្រធានផ្នែកទំនាក់ទំនងសេតវិមាន និយាយថានៅលើបណ្តាញព័ត៌មានសង្គម Twitter ថា លោក Bidenពុំកើតអ្វីនោះទេ ។ លោកពន្យល់ថា មាននូវបាវខ្សាច់នៅលើវេទិកា ពេលដែលលោកចាប់ដៃ ៕ ដោយ ៖ សារ៉ាត់

